ព័ត៌មានជាតិ

រំលឹកដល់អតីតពលករ ​មកពីថៃ ចុងសប្តាហ៍នេះ !  ក្រសួងការងារ នឹងបើកវេទិកា ការងារចំនួន៤កន្លែង បន្ថែមទៀតនៅខេត្តក្រចេះ និងកំពង់ធំ ជាមួយឱកាសការងារ រាប់ម៉ឺនកន្លែង

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១៤-១៥ ខែកុម្ភៈ ចុងសប្តាហ៍នេះចំនួន៤ទីតាំង នៅក្នុងខេត្តក្រចេះ និងកំពង់ធំដើម្បីផ្សព្វផ្សាយស្តីពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម ទៅដល់អតីតពលករ មកពីប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈស្អែកនេះ ក្រសួងនឹងរៀបចំវេទិកាចំនួន២ទីតាំង ជាបន្តនៅ ក្នុងបរិវេណសាលាស្រុកស្នួល ស្រុកស្នួល ខេត្តក្រចេះ និងនៅបរិវេណសាលាស្រុកប្រាសាទបល័្លង្ក ស្រុកប្រាសាទបល្ល័ង្ក របស់ខេត្តកំពង់ធំ ចំណែកឯនៅថ្ងៃអាទិត្យ ទី១៥  ខែកុម្ភៈវិញ ក្រសួង នឹងរៀបចំវេទិកា នៅក្នុងបរិវេណសាលាស្រុកឆ្លូង ក្នុងស្រុកឆ្លូង ខេត្តក្រចេះ និងនៅបរិវេណ សាលាស្រុកស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ “ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA)នៃក្រសួងការងារ បានបន្តយុទ្ធនាការ ផ្តល់ឱកាសការងារ ជូនបងប្អូនអតីតពលករ របស់យើង និងប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យទទួលបានការងារ សមរម្យ លក្ខខណ្ឌល្អ និងអត្ថប្រយោជន៍ សង្គមយ៉ាងច្រើនសម្បូរបែប ដោយបងប្អូនមិនចាំបាច់ឆ្លងដែន ដោយប្រថុយប្រថានឡើយ ខណៈដែលការងារក្នុងស្រុកមានច្រើន និងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល”។

សូមរលឹកថា ដោយសារតែជម្លោះព្រំដែន រវាងកម្ពុជានិងថៃ ប្រជាពលរដ្ឋខ្មែរប្រមាណជាង ៩៥ម៉ឺននាក់ បានវិលមក ស្រុកកំណើតវិញ ក្នុងនោះពលករ ប្រមាណ៨៥ម៉ឺននាក់ កុមារប្រមាណ៥-៦ម៉ឺននាក់ និងមនុស្ស ដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងមានចំនួន២៥ម៉ឺននាក់។

បើតាមការបញ្ជាក់ ពីអ្នកនាំពាក្យនៃក្រសួងការងារដដែល គិតចាប់តាំង ពីខែមិថុនាឆ្នាំ២០២៥មក ក្រសួងការងារ ដែលជាសេនាធិការ ជូនរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិកា ចំនួន៥៨៩លើក រួចមកហើយដើម្បីផ្សព្វផ្សាយ ដល់អតីតពលករដែលត្រឡប់ពីប្រទេសថៃនូវឱកាសការងារ ជំនាញនៃការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ហើយក្នុងនោះ ពលករប្រមាណជាង៦២ម៉ឺននាក់ ទទួលបានឱកាសការងារធ្វើក្នុងស្រុក ខណៈដែលតាមរយៈយន្តការក្រសួងមានចំនួនជាង៣១ម៉ឺននាក់។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវ សាជាថ្មីទៅដល់អតីតពលករ ដែលមកពីប្រទេសថៃ និង ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ពិចារណារកឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិរបស់ខ្លួន៕

To Top