គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ រួមគ្នាទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម។
យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ កុម្ភៈ នេះ ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកោតសរសើរដល់អ្នកប្រើប្រាស់ផ្លូវ ដ៏ច្រើនលើសលប់ ដែលបានចូលរួមគោរពប្រតិបត្តិច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងមានស្មារតីយោគយល់ អាធ្យាស្រ័យក្នុងការធ្វើចរាចរណ៍ ញ៉ាំងឱ្យគ្រោះថ្នាក់ និងភាពរងគ្រោះបានថយចុះ នាឆ្នាំ២០២៥កន្លងទៅ។
ប៉ុន្តែគ្រោះថ្នាក់ និងភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជាប្រចាំថ្ងៃ លើសគ្រោះថ្នាក់សង្គមនានា ពិសេសបានកើនឡើងខ្ពស់ ក្នុងឱកាសដែលមាន ចរាចរណ៍មមាញឹកនាពិធីបុណ្យនានា ដែលបណ្តាលមកពីកង្វះស្មារតីគោរពច្បាប់ និងកង្វះការប្រុងប្រយ័ត្ន និងការយោគយល់អាធ្យាស្រ័យ របស់ អ្នកប្រើប្រាស់ផ្លូវមួយចំនួន។
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរ ដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា៖
១-កុំបើកបរលើសល្បឿនកំណត់។ ត្រូវបន្ថយល្បឿននៅទីកន្លែងប្រជុំជន ផ្សារ សាលារៀន វត្តអារាម។ល។
២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។
៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញា ផ្លាកសញ្ញា និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
៤-ត្រូវបើកបរក្នុងគន្លងផ្លូវ ដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូស សញ្ញាបែងចែកគន្លងផ្លូវ។
៥-ត្រូវបើកបរតាមទិសចរាចរណ៍នៅផ្លូវឯកទិស ដោយមិនត្រូវបើកបរបញ្ច្រាស់ទិសចរាចរណ៍។
៦-ត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសយានយន្ត ជាពិសេសសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត មុននឹងចេញ ដំណើរ។
៧-ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមទោចក្រយានយន្ត និងពាក់ខ្សែក្រវាត់សុវត្ថិភាពពេលធ្វើដំណើរ តាមរថយន្ត។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹមជឿជាក់ លើអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវ សុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខនេះ៕
