ព័ត៌មានជាតិ

សម្តេចតេជោ ៖ ឆ្នាំថ្មី ឆ្នាំមមី នឹងនាំមក នូវភាពរុងរឿង ដល់មិត្តភាពដែកថែប រវាងកម្ពុជា-ចិន

ភ្នំពេញ ៖ ក្នុងឱកាសផ្ញើសារអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេសចិន នាឱកាសពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិចិន ចាប់ពីថ្ងៃទី១៦-១៩ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងឆ្នាំថ្មី ឆ្នាំមមីនេះ នឹងនាំមក នូវភាពរុងរឿងដល់មិត្តភាព ដែកថែបរវាងប្រទេសកម្ពុជា-ចិន ខណៈមិត្តភាពនេះ កំពុងត្រូវបានពួនជ្រំ ឲ្យកាន់តែខ្លាំងក្លាឡើង ។

សារលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំកំពូលៗ របស់ចិនរួមមាន ៖ លោក Xi Jinping ប្រធានាធិបតី និងជាអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិន , លោក Wang Huning ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន , លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជនចិន (NPC) និងលោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន ។

ក្នុងសារលិខិត របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើទៅថ្នាក់ដឹកនាំកំពូលៗចិន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មានអត្ថន័យខ្លឹមសារ ប្រហាក់ប្រហែលគ្នាថា ឆ្នាំថ្មី ឆ្នាំមមីនេះ នឹងនាំមកនូវភាពរុងរឿងដល់មិត្តភាពដែកថែបរវាងប្រទេស រដ្ឋាភិបាល បក្ស និងប្រជាជនទាំងពីរ និងផ្តល់កម្លាំងជំរុញថ្មី ដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ខណៈកម្ពុជា-ចិន កំពុងកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ។

សម្តេចតេជោបង្ហាញការជឿជាក់ទៀតថា ឆ្នាំថ្មីនេះ នឹងជួយឱ្យការប្តេជ្ញារវាងកម្ពុជា-ចិន កាន់តែមុតមាំ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលដែលប្រទេសទាំងពីរកំពុងជំរុញ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលនាយុគសម័យថ្មី ដែលផ្តល់ឧត្តមប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

To Top