ព័ត៌មានជាតិ

អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន អញ្ជើញទស្សនកិច្ចទីតាំងមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួល ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ។

ដោយនៅវេលាម៉ោង ១០:០០នាទីព្រឹក គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ២ ស្ថិតនៅក្រុងសិរីសោភ័ណ ដោយក្នុងឱកាសនោះ វរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជាក៏បានធ្វើបទបង្ហាញជូនឯកឧត្តម អគ្គមេបញ្ជាការ និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។

សូមជម្រាបជូនផងដែរថា នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន មកកាន់ព្រះរាជាណាចក្រនាពេលនេះ គឺដើម្បីចុះមកពិនិត្យ និងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួល និងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។

សូមគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្ត បទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕

To Top