ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ ដើម្បីសុខភាពប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ រួមគ្នាកសាងអនាគត ប្រកបដោយភាពធន់ និងចីរភាពនៃវិស័យសុខាភិបាល ដើម្បីសុខភាពប្រជាជនកម្ពុជា ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល (UHC)។

ក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ លទ្ធផលប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ បច្ចេកទេសសុខាភិបាល បានកោតសរសើរដល់អង្គការដៃគូ អភិវឌ្ឍន៍សុខាភិបាលទាំងអស់ ជាពិសេសអង្គការសុខាភាបពិភពលោក ជាតំណាងដៃគូអភិវឌ្ឍន៍ ដែលបានបន្តបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ និងមានភាពម៉ឹងម៉ាត់ ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារតាមវិស័យរៀងៗខ្លួន ។

កិច្ចប្រជុំផ្តោតលើការពិភាក្សាជុំវិញបញ្ហាសំខាន់ៗលើការពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ រួមមាន៖ របាយការណ៍ប្រចាំឆ្នាំ ២០២៥ និងការវិភាគស្ថានភាព (SWOT) , ប្រតិទិនក្រុមការងារបច្ចេកទេសសុខាភិបាល ២០២៦ ដែលភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រសុខាភិបាល និង សូចនាករតាមដានរួម (JMIs) , ផែនការសកម្មភាពសម្រាប់ដំណើរទស្សនកិច្ចគាំទ្រ ដល់ក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់ និងការវាយតម្លៃវឌ្ឍនភាព បញ្ហាប្រឈម និងវិធានការអាទិភាពទាក់ទងនឹងសូចនាករតាមដានរួម។

ក្នុងឱកាសនេះដែរ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដែលក្រុមការងារបច្ចេកទេសសុខាភិបាល ថ្នាក់ក្រសួង និងថ្នាក់រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តផែនការសកម្មភាពការងាររបស់ខ្លួន ក្នុងឆ្នាំ២០២៦ ត្រូវបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពកិច្ចដំណើរ ការប្រជុំរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល , ពង្រឹងបណ្តាញទំនាក់ទំនង និងផ្តល់ការគាំទ្រដល់ក្រុមការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត (Pro-TWGH) ដោយតាមរយៈការកំណត់ នូវយន្តការប្រាស្រ័យទំនាក់ទំនងច្បាស់លាស់ ៕

To Top