ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ ចូលរួមចែករំលែកបទពិសោធ អំពីការត្រួតពិនិត្យអនុលោមភាពច្បាប់ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន (HREDD) លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ និងកិច្ចសន្ទនាសង្គម ក្នុងវេទិកាប្រចាំឆ្នាំរបស់អង្គការ OECD

ប៉ារីស ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន ជាចលករសម្រាប់ការចាកចេញពីប្រទេស អភិវឌ្ឍតិចតួចប្រកបដោយចីរភាព ការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងកិច្ចសន្ទនាសង្គម» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាព ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង។

ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រីបានចែករំលែក នូវបទពិសោធរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃវិស័យកាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ (GFT) ដែលជាវិស័យស្នូលជំរុញ កំណើនសេដ្ឋកិច្ច បង្កើនឱកាសការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តបទប្បញ្ញត្តិច្បាប់ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថានប្រកបដោយប្រសិទ្ធភាព ក្នុងខ្សែច្រវាក់ផលិតកម្ម ។

លោកបានសង្កត់ធ្ងន់ថា ការងារនេះសម្រេចទៅបានដោយមានកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍន៍ ដូចជាអង្គការ ILO និងទីភ្នាក់ងារ GIZ ជាដើម ។ ក្នុងន័យនេះ កម្ពុជាគឺជាប្រទេសដំបូងគេ ដែលបានអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលបច្ចុប្បន្នត្រូវបានយកធ្វើជាគំរូ នៅតាមបណ្ដាប្រទេសផ្សេងៗទៀត ។ បន្ថែមលើនេះ កម្ពុជាបានធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ, ពង្រឹងសិទ្ធិសេរីភាពអង្គការ វិជ្ជាជីវៈ , រក្សានិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល, លើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងការគ្រប់គ្រងបរិយាកាស ការងារឱ្យកាន់តែប្រសើរឡើង ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានលើកឡើងថា ការអនុវត្តការត្រួតពិនិត្យអនុលោមភាពច្បាប់នេះ មិនមែនជា “បន្ទុក” នោះទេ ប៉ុន្តែគឺជា “កាលានុវត្តភាពថ្មី” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើសមាហរណកម្មខ្លួនកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល៕

To Top