រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឱ្យចាត់វិធានការត្រួតពិនិត្យទីតាំងលក់ដូរ និងឃ្លាំងស្តុកទំនិញ ដើម្បីទប់ស្កាត់ការនាំចូល និងចែកចាយផាវ កាំជ្រួច
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យចាត់វិធានការត្រួតពិនិត្យតាមទីតាំងលក់ដូរ និងឃ្លាំងស្តុកទំនិញ ដើម្បីទប់ស្កាត់ការនាំចូល និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ និងដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ សុវត្ថិភាពសង្គម និងបរិយាកាសល្អប្រសើរក្នុងកំឡុងពេលនៃព្រឹត្តិការណ៍នេះ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចការមួយចំនួន ដូចជា ៖ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានឯកជន និង អាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យ ជាយថាហេតុ ដែលបណ្តាលមកពីការដុតទៀនធូប ភ្លើងចង្ក្រាន ការឆ្លងចរន្តអគ្គិសនី ឬការ ប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា គ្រប់អង្គភាពមានសមត្ថកិច្ចត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីអន្តរាគមន៍ ដោះស្រាយបញ្ហាអគ្គិភ័យ និងបទល្មើសផ្សេងៗឱ្យបានទាន់ពេលវេលា។ ផ្សព្វផ្សាយហាមឃាត់ការដុតផាវ និងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវ ដែល បង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬបង្កភាពអនាធិបតេយ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀប រៀបរយសង្គម ព្រមទាំងបង្កការរំខាន ឬការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ចាត់វិធានការត្រួតពិនិត្យតាមទីតាំងលក់ដូរ និងឃ្លាំងស្តុកទំនិញ ដើម្បីទប់ស្កាត់ការនាំចូល និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ផ្សព្វផ្សាយមិនឱ្យមានការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
លើសពីនេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំទៀតថា ត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅមកក្នុងឱកាស បុណ្យនេះ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។បន្តជំរុញអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានសកម្មផុលផុស ជាពិសេសការអប់រំលើកកម្ពស់ការយល់ដឹងលើបញ្ហាគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង គ្រប់ប្រភេទ និងសុវត្ថិភាពចរាចរណ៍៕
