ព័ត៌មានអន្តរជាតិ

ប្រភពពី APថា នាវាផ្ទុកយន្តហោះទី២ របស់អាមេរិក ត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ជិតប្រទេសអ៊ីរ៉ង់ហើយ

បរទេស៖ នាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោកត្រូវបានបញ្ជាឱ្យធ្វើដំណើរពីសមុទ្រការ៉ាប៊ីនទៅកាន់មជ្ឈិមបូព៌ា នេះបើយោងតាមប្រភពព័ត៌មានដែលស្គាល់ផែនការនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាថាតើត្រូវចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ឬអត់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ចលនារបស់នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត The New York Times នឹងដាក់នាវាផ្ទុកយន្តហោះពីរគ្រឿង និងនាវាចម្បាំងអមដំណើរនៅក្នុងតំបន់ ខណៈដែលលោក ត្រាំ បង្កើនសម្ពាធលើអ៊ីរ៉ង់ឱ្យធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រភពបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីចលនាយោធា។

នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាពិឃាតបាញ់មីស៊ីលនាំផ្លូវចំនួនបីគ្រឿងបានមកដល់មជ្ឈិមបូព៌ាកាលពីជាងពីរសប្តាហ៍មុន។

វាសម្គាល់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់នាវាផ្ទុកយន្តហោះ USS Ford ដែលលោក ត្រាំ បានបញ្ជូនពីសមុទ្រមេឌីទែរ៉ាណេទៅកាន់តំបន់ការ៉ាប៊ីនកាលពីខែតុលា ឆ្នាំមុន ខណៈដែលរដ្ឋបាលរបស់លោកបានបង្កើតវត្តមានយោធាដ៏ធំមួយនៅមុនការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន ដែលបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro៕

ប្រែសម្រួលៈ ណៃ តុលា

To Top