ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីដាក់បង្ហាញជាផ្លូវការរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី​ក្នុងពិធី​ដាក់បង្ហាញ​ជាផ្លូវការរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នសម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)។

ពិធីដាក់បង្ហាញជាផ្លូវការរបាយការណ៍ស្រាវជ្រាវនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ចំនួន ២ របស់មជ្ឈមណ្ឌល APM រួមមានរបាយការណ៍ស្តីពី (១). MSMEs Development in Cambodia: An Institutional Analysis through the Lens of the Developmental States និង (២). The Role of Development Finance Institutions in Supporting Agricultural Cooperatives in Cambodia: A comparative Study and the Case of Agricultural and Rural Development Bank ក៏ដូចជា​ដើម្បី​ផ្សព្វផ្សាយ​សមិទ្ធផលនានារបស់មជ្ឈមណ្ឌល APM ឱ្យបានទូលំទូលាយ ព្រមទាំងបង្កើតបានជាវេទិកាមួយសម្រាប់ក្រុមការងារស្រាវជ្រាវរបស់ធនាគារ ARDB អ្នកជំនាញ និងនិស្សិតថ្នាក់ក្រោយឧត្តមសិក្សាដែលមកពីសាកលវិទ្យាល័យធំៗ នូវឱកាសក្នុងការផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងទៅវិញទៅមកផងដែរ។ របាយការណ៍ស្រាវជ្រាវនេះ នឹងក្លាយជាថ្នាល (Platform) សម្រាប់អ្នកស្រាវជ្រាវបោះផ្សាយការងារស្រាវជ្រាវរបស់ខ្លួនដែលនឹងលើកទឹកចិត្តអ្នកស្រាវជ្រាវវ័យក្មេងទាំងឡាយធ្វើការស្រាវជ្រាវ និងបោះផ្សាយ។

ឆ្លៀតក្នុងឱកាសនេះ បណ្ឌិត កៅ ថាច បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ដែលបានបង្ហាញនូវ​វិជ្ជាជីវៈ​ខ្ពស់ ភាពហ្មត់ចត់ និងការតស៊ូជម្នះរាល់បញ្ហាប្រឈមនានា រហូតសម្រេចបាននូវរបាយការណ៍ស្រាវជ្រាវសម្រាប់ការដាក់បង្ហាញនាព្រឹកនេះ។ ការណ៍នេះគឺជាគំរូដ៏ល្អ​នៃ​ការកសាង​សមត្ថភាពស្ថាប័ន សមត្ថភាពធនធានមនុស្ស តាមរយៈការសិក្សារៀនសូត្រ និងការស្រាវជ្រាវដោយឥតឈប់ឈរ ស្របតាមគោលនយោបាយជាតិស្តីពីការសិក្សា​ពេញមួយជីវិត។

ពិធីដាក់បង្ហាញជាផ្លូវការរបាយការណ៍ស្រាវជ្រាវនេះបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ៕

To Top