ព័ត៌មានជាតិ

ក្នុងពេលជួបសំណេះសំណាល ជាមួយពលរដ្ឋភៀសសឹក មកពីភូមិព្រៃចាន់ និងជោគជ័យ សម្តេចធិប​តី អះអាង ថា រាជរដ្ឋាភិបាល ​មិនបោះបង់ ពលរដ្ឋណាម្នាក់នោះទេ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពោលនៅថ្ងៃនៃទិវា នៃសេចក្តីស្រលាញ់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹក ចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព​ ក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំ គ្រប់មធ្យោបាយ ដើម្បីបញ្ជៀស ការផ្ទុះសង្គ្រាមឡើងវិញ​ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្ន ដល់បងប្អូន​ អ៊ំពូមីង​ តាយាយដែលត្រូវចាកឆ្ងាយ ពីលំនៅដ្ឋាន​,​ មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ​ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ឱ្យកាន់តែល្អប្រសើរទាំងសុវត្ថិភាព​ និងបរិស្ថានស្អាត។

ក្នុងនោះ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល ​មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ​ “សុខទុក្ខរបស់ប្រជាពលរដ្ឋ​ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋទូទាំងប្រទេស” ៕

To Top