មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ ការចែករំលែកក្ដីស្រលាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារ ជាផ្នែកមួយ នៃការចូលរួមពង្រឹងសមត្ថភាពរបស់កុមារ
បាត់ដំបង ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កុមារ គឺជាធនធានដ៏មានសារៈសំខាន់ និងជាសសរទ្រូង នៃប្រទេសជាតិនាថ្ងៃអនាគត ហើយការចែករំលែកសេចក្ដីស្រលាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារ ជាផ្នែកមួយនៃការចូលរួមពង្រឹងនូវសមត្ថភាពរបស់កុមារ ។

ក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ស្ថិតក្នុងភូមិសាស្ដ្រ ខេត្ដបាត់ដំបង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា «ការចែករំលែកសេចក្ដីស្រលាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារ ជាផ្នែកមួយនៃការចូលរួមពង្រឹងនូវសមត្ថភាព ដោយកុមារទទួលបានការគាំពារ ការបណ្តុះបណ្តាល សិក្សារៀនសូត្រ ទាំងកុមារា និងកុមារីដោយគ្មានការរើសអើង និងទទួលបាននូវសិទ្ធិពេញលេញរបស់កុមារទាំង ៤យ៉ាងរួមមាន៖ សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិក្នុងការពារ និងសិទ្ធិក្នុងការចូលរួម ដើម្បីក្លាយទៅជាធនធានមនុស្ស ប្រកបដោយគុណភាពដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ»។

លោកស្រី រដ្ឋលេខាធិការ បន្ថែមទៀតថា ក្នុងនោះ លោកគ្រូ អ្នកគ្រូដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសស្រាក់សស្រាំ ដើម្បីជំរុញការកសាងធនធានមនុស្ស ក្នុងប្រទេសតាំងពីកុមារ រហូតដល់គ្រប់វ័យជាមួយនឹងក្ដីស្រលាញ់ និងការយកចិត្ដទុកដាក់ប្រកបដោយព្រហ្មវិហាធម៌។ លោកគ្រូ អ្នកគ្រូ ជាអ្នកដែលបានផ្ដល់ចំណេះដឹង និងដើរតួនារីជាអ្នកមើលថែរក្សាសិស្សានុសិស្ស ដោយមិនមានការរើសអើង។

ឆ្លៀតឱកាសនោះដែរ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បាន បន្តទៀតថា ការឈ្លានពានរបស់យោធាថៃ ដោយខុសច្បាប់លើទឹកដីកម្ពុជា បានបង្កការប៉ះពាល់ដល់ការសិក្សា និងសតិស្មារតី ដល់ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ យ៉ាងធ្ងន់ធ្ងរបំផុតនៅតំបន់ព្រំដែន កម្ពុជា-ថៃ ដែលជាទង្វើខុសច្បាប់អន្តរជាតិ មិនអាចលើកលែងបាន៕



