ចុះឈ្មោះភ្លាម សម្ភាសការងារជាង ៣ពាន់កន្លែងភ្លែត សម្រាប់បងប្អូនអតីតពលករ ត្រឡប់ពីប្រទេសថៃ និងយុវជនរកការងារនៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ»បានពង្រីកខ្លួនដល់ទឹកដីខេត្តកំពង់ធំហើយ ដោយបាននាំយកក្រុមហ៊ុនចំនួន៦ មានឱកាសការងារជាង៣ពាន់កន្លែង សម្រាប់បងប្អូនអតីតពលករត្រឡប់ពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារប្រមាណ ៧០០នាក់នៅបរិវេណ សាលាស្រុកប្រាសាទបល្ល័ង្ក។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតវេទិកាការងារនេះឡើង ដើម្បីជាកិច្ចអន្តរាគមន៍ក្នុង ការផ្តល់ឱកាសការងារទាន់ពេលវេលា ក៏ដូចជាផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ជាពិសេសសម្រាប់អតីតពលករ ក្នុងការធ្វើសមាហរណកម្មចូលក្នុងទីផ្សារការងារក្នុងស្រុកវិញ។ ជាក់ស្តែង ក្រុមហ៊ុន និងរោងចក្រចំនួន៦ ផ្តល់ឱកាសការងារចំនួន ៣ ៤៧០កន្លែង ដល់មូលដ្ឋាននៅក្នុងវេទិកានេះ។

នាឱកាសនោះ លោក យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងសារសួរសុខទុក្ខ សំណេះសំណាល និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវ និងប្រកបដោយឆន្ទៈពិតរបស់បងប្អូនក្នុងការសម្រេចចិត្តវិញមករស់នៅ ក៏ដូចជាទទួលយកឱកាសការងារនៅក្នុងប្រទេសកំណើតវិញ ដែលជាការរួមចំណែកមួយយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកមានប្រសាសន៍ដូច្នេះថា៖«ការណ៍នេះ នឹងជួយជំរុញបន្ថែមដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានជួយកាត់បន្ថយដល់បញ្ហាប្រឈមកង្វះកម្លាំងពលកម្មក្នុងស្រុកយើងផងដែរ»។

ទន្ទឹមនឹងនេះ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការងារក្នុងស្រុក ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន តាមរយៈរបបសន្តិសុខសង្គម (ប.ស.ស.) ដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ។ ការងារក្នុងស្រុកមិនត្រឹមតែជួយឱ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបងប្អូនឱ្យចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង និងអំពើហិង្សានៅក្រៅប្រទេសផងដែរ។

ជាមួយនឹងអ្នកចុះឈ្មោះត្រៀមចូលរៀនវគ្គបណ្តុះបណ្តាលសរុបប្រមាណ ៣ម៉ឺននាក់រួចទៅហើយនោះ លោកក៏មិនភ្លេចលើកទឹកចិត្តដល់អតីតពលករ និងក្រុមយុវជនដ៏មានថាមពល ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដែលជួយបង្កើនសមត្ថភាពក្នុងរយៈពេលខ្លី និងងាយស្រួលទទួលបានឱកាសការងារ ជាមួយនឹងប្រាក់ចំណូលសមរម្យនាពេលអនាគត។ នេះជាគោលនយោបាយដ៏ចម្បងមួយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្តល់ជំនាញវិជ្ជាជីវៈមួយយ៉ាងតិចប្រចាំជីវិត ជាពិសេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕


