លោក សុខ សូកេន អញ្ជើញចូលរួមក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត»
ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលជាការចែករំលែកដោយវាគ្មិនកិត្តិយស លោក កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលគណបក្ស និងតំណាងស្ថាប័នជំរុញគណៈកម្មាធិការកណ្ដាលគណបក្សជាច្រើនរូប។

បាឋកថានេះមានគោលបំណងសំខាន់ក្នុងការតម្រង់ទិស និងចែករំលែកនូវបទពិសោធន៍ប្រវត្តិសាស្ត្រពិតដល់មន្ត្រីគណបក្សបន្តវេន អំពីដំណើរការស្វែងរកសន្តិភាព ការផ្សះផ្សា និងការបង្រួបបង្រួមជាតិ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលជាការសម្រេចចិត្តដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការជ្រើសរើសផ្លូវនយោបាយជំនួសឱ្យការប្រើប្រាស់អាវុធ។

លើសពីនេះ វេទិកានេះក៏ជាការរំលឹកដល់គុណតម្លៃនៃថ្ងៃ ៧ មករា និងជាការចងក្រងឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដើម្បីដាស់តឿនស្មារតីកតញ្ញុតា និងមោទនភាពជាតិឱ្យកាន់តែរឹងមាំ ដោយបញ្ជាក់ថាសុខសន្តិភាពនាពេលបច្ចុប្បន្ន គឺជាលទ្ធផលនៃការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ឥស្សរជនខ្មែរគ្រប់ជំនាន់៕








