ព័ត៌មានជាតិ

ក្រុមការងារ​ រាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ពិភាក្សា រកដំណោះស្រាយ​ ជួយសម្រាល​ទុក្ខលំបាក ពលរដ្ឋក្រីក្រ និងផ្តល់អង្ករ ១៤០តោន

ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ពិភាក្សារកដំណោះស្រាយ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងសហគមន៍ ដែលជួបការខ្វះខាតស្បៀង ក្នុងអំឡុងពេល នៃជំងឺ COVID-19 តាមរយៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ​​ រាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ដោយបានផ្តល់អង្ករ ចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ។

លោកស្រី ម៉ែន សំអន បានលើកឡើងថា កិច្ចប្រជុំក្រុមការងារនេះ គឺដើម្បីពិភាក្សា​ រកដំណោះស្រាយ ស្វែងរកគន្លឹះមួយចំនួន ធ្វើយ៉ាងណាជួយ ទៅដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះ និងងាយរងគ្រោះ នៅក្នុងរាជធានី ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងប្រយុទ្ឋប្រឆាំង ទៅនឹងជំងឺ COVID-19 ហើយការផ្តល់អង្ក ចំនួន១៤០តោន ដល់ខណ្ឌទាំង១៤ ដើម្បីចែកបន្ត ដល់ប្រជាពលរដ្ឋក្រីក្រ ស្របតាមកាលៈទេសៈ ដែលប្រទេសជាតិ ជួបបញ្ហាជំងឺ COVID-19 ។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងស្ថានភាពជំងឺ COVID-19 ដែលបាននិងកំពុងរាតត្បាត នៅក្នុងបណ្តាប្រទេស និងដែនដីចំនួន ២១០ ទូទាំងពិភពលោក ប្រទេសកម្ពុជា ក៏មិនអាចគេចផុត ពីការគំរាមកំហែង នៃជំងឺ COVID-19 ដូចគ្នាផងដែរ ។ ទោះបីមកទល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ រួមនិងជនបរទេស ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជា មិនទាន់មាននរណាម្នាក់ រងគ្រោះរហូតដល់បាត់បង់ជីវិត នៅឡើយក្តី ។ ប៉ុន្តែយើងមិនទាន់អាចយកឈ្នះ លើសមរភូមិប្រយុទ្ធប្រឆាំង នឹងជំងឺនេះបាននៅឡើយទេ ដែលបានបង្កើត ឱ្យមានផលប៉ះពាល់ លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដោយចៀសមិនរួច។

លោកអភិបាលរាជធានីភ្នំពេញ បន្តថា ចំពោះការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ COVID-19 ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ថា ជាបញ្ហារួម​ របស់ប្រទេសជាតិទាំងមូល ដូច្នេះវិធានការនានា ត្រូវដាក់ចេញ ដោយគណៈកម្មការជាតិ ក្រោមការបញ្ជាផ្ទាល់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាស្ថាប័នអនុវត្តនាំមុខ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាប្រតិបត្តិករ សហការអនុវត្ត រាល់វិធានការ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ។

លោកថែមទាំងបន្តថា យ៉ាងណាមិញ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ផ្អែកតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន បានសហការអនុវត្ត នូវរាល់វិធានការទាំងឡាយ ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការអនុវត្ត នូវអនុសាសន៍ឆ្លើយតបភ្លាមៗ ដូចជាមិនឱ្យមានការជួបជុំ រៀបចំកម្មវិធីពិធីសាសនា បិទទាំងស្រុងនូវសាលារៀន និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទូទាំងរាជធានីភ្នំពេញ បិទទាំងស្រុងនូវកម្មវិធីប្រគុំតន្ត្រី នៅតាមទីធ្លាសាធារណៈ, បិទអាជីវកម្មខារ៉ាអូខេ (KTV), ក្លឹប, រោងភាពយន្ត, បៀរហ្គាឌិន កាស៊ីណូ និងកន្លែងសប្បាយភាព ក្នុងវិស័យទេសចរណ៍ជាដើម។ បានយកចិត្តទុកដាក់ និងចាត់វិធានការទាន់ពេលវេលា ចំពោះក្រុមជនឱកាសនិយម និងក្រុមបំពុលសង្គម ដែលបានផ្សព្វផ្សាយ ព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញ ផលប្រយោជន៍ ឬបង្កឱ្យ មានចលាចលក្នុងសង្គម។ បានចុះអប់រំផ្សព្វផ្សាយ និងចែកខិត្តបណ្ណសុខភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន, ទីផ្សារ និងសហគមន៍ ជាមួយនឹងការផ្សព្វផ្សាយ តាមបណ្តាញ, ផ្ទាំងប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាច្រើនទីតាំង ទូទាំងរាជធានីភ្នំពេញ ។

សូមរំលឹកថា ពាក់ព័ន្ធនិងស្ថានភាព សហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ និងការធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ក្នុងសហគមន៍នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣ ក្រោយពេលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញ នូវចំណាត់ការដ៏ម៉ឺងម៉ាត់ ក្នុងការការអនុវត្ត គោលនយោបាយ កាត់បន្ថយភាពក្រីក្រ ក្រោមប្រធានបទ «អភិវឌ្ឍន៍ ១០០ សហគមន៍ផែនការក្នុង១ឆ្នាំ» តាមរយៈផ្តល់សម្បទានដីសង្គមកិច្ច និងការអភិវឌ្ឍលំនៅដ្ឋាន នៅនឹងកន្លែង យើងបានរកឃើញសហគមន៍ក្រីក្រ នៅរាជធានីចំនួន ៣៣៥ សហគមន៍ ស្ថិតក្នុងសង្កាត់ចំនួន ៥២ នៃខណ្ឌចំនួន៩ ។ តែក្រោមម្លប់សន្តិភាព នៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យចំនួនសហគមន៍ក្រីក្រ មានការថយចុះពី ៣៣៥ សហគមន៍ ក្នុងឆ្នាំ២០០៣ មកត្រឹមតែ ១៥១ សហគមន៍ ក្នុងឆ្នាំ២០២០ ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រី ម៉ែន សំអន បានប្រគល់អង្ករ ចំនួន១៤០តោន របស់នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនរដ្ឋបាលរាជធានីភ្នំពេញ និងបន្តប្រគល់ជូន ខណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌ ទទួលបានអង្ក ចំនួន១០តោន ដើម្បីរួមចំណែក សម្រាលដល់ទុក្ខលំបាក របស់ប្រជាសហគមន៍ក្រីក្រ ដែលកំពុងជួប ការខ្វះខាតស្បៀងអាហារ៕

To Top