ព័ត៌មានជាតិ

រយៈពេល១០ឆ្នាំចុងក្រោយ សារពើពន្ធពីវិស័យរ៉ែ មានកំណើនពី ១៣,១០លានដុល្លារក្នុងឆ្នាំ២០១៦ ដល់ ១៣៥,៥៥លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥

ភ្នំពេញ: លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា តាមរបាយការណ៍បានបង្ហាញថា ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយមានកំណើនពី ១៣,១០លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០១៦ ដល់ ១៣៥,៥៥លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥ ។

លោកបានថ្លែង នៅក្នុងពិពិព័រណ៍ផលិតផលរ៉ែ ដែលនឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ (១៤-១៥ ខែកុម្ភៈ) នៅលើវិថីថ្មើរជើងចតុមុខ ដើម្បីបញ្ជ្រៀបការយល់ដឹងពីប្រយោជន៍របស់រ៉ែក្នុងសេដ្ឋកិច្ចកម្ពុជា។

លោក កែវ រតនៈ បានឱ្យដឹងថា ការរៀបចំពិព័រណ៍នេះ ដើម្បីលើកកម្ពស់ការយល់ដឹងលើវិស័យរ៉ែរបស់កម្ពុជា និងការចូលរួមលើសេដ្ឋកិច្ចជាតិ។ ក្រៅពីបញ្ជ្រៀបការយល់ដឹងលើវិស័យរ៉ែរបស់កម្ពុជាហើយនោះ ពិព័រណ៍នេះ ក៏មានគោលដៅលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរគាំទ្រផលិតផលរ៉ែរបស់ខ្មែរ មានដូចជាថ្មអារ ថ្មាក្រានីត និងស៊ីម៉ង់តិ៍ជាដើម កាត់បន្ថយការនាំចូល ដែលនាំឱ្យលុយរបស់ខ្មែរហូរចេញទៅក្រៅ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីបានធ្វើឱ្យវិស័យរ៉ែមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ផលិតផលរ៉ែទាំងអស់ដែលបានដាក់តាំងបង្ហាញនៅពេលនេះ ត្រូវបានកែច្នៃចេញពីធនធានរ៉ែដែលមាននៅកម្ពុជា សម្រាប់បម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលនិងបាននាំចេញទៅកាន់ទីផ្សារបរទេសមួយចំនួនថែមទៀត។

ជាក់ស្ដែងចាប់ពីឆ្នាំ២០២៣ កម្ពុជា បានប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ង់ត៍១០០ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំងស្រុងនិងក្លាយជាប្រទេស ដែលនាំចេញស៊ីម៉ងត៍ជាលើកដំបូង។ លើសពីនេះ ក្រោមការកែទម្រង់ និងគាំទ្ររបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅដើមអាណត្តិទី៧ ផលិតផលថ្មអារសម្រាប់នាំចេញក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំង។

រហូតមកទល់នឹងបច្ចុប្បន្ននេះទុនវិនិយោគសរុបក្នុងវិស័យរ៉ែមានជិត ៣ពាន់លានដុល្លារអាម៉េរិក ហើយបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២ ១៣០នាក់។ ក្នុងនោះប្រជាពលរដ្ឋខ្មែរប្រមាណ ១១ ៥៤៧នាក់ ស្មើនឹង ៩៥%៕

To Top