ព័ត៌មានជាតិ

អង្គការ AHF និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិ ខណៈការប្រើប្រាស់ស្រោមអនាម័យ ជាមធ្យោបាយការពារដ៏មានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានែក្តីស្រឡាញ់ នៅផ្សាខេមល វេងស្រេង រាជធានីភ្នំពេញ បាននាំមកនូវភាពសប្បាយរីករាយ ការអប់រំការលើកកម្ពស់ការប្រើប្រាសស្រោមអនាម័យ ជាមួយនឹងការចែកចាយស្រោមអនាម័យ និងការធ្វើតេស្តដោយឥតគិតថ្លៃ។

ទិវាស្រោមអនាម័យអន្តរជាតិ ត្រូវបានបង្កើតឡើងដោយមូលនិធិថែទាំសុខភាពអេដស៍ ក្នុងឆ្នាំ២០០៩ ដើម្បីអបអរសាទរស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតរបស់ពិភពលោកសម្រាប់ការការពារមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដែលមិនបានគ្រោងទុក។ ទិវាស្រោមអនាម័យអន្តរជាតិ រំលឹកយើងថា ស្រោមអនាម័យមានសុវត្ថិភាពជាងទាក់ទាញ និងការបង្ការសម្រាប់ទូទាំងពិភពលោក «កុំស្ទាកស្ទើរប្រើស្រោមអនាម័យ»។

ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាពលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួង ក្រសួងអប់រំយុវជន និងកីឡា និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឺងជំងឺអេដស៍សើស្បែក និងកាមរោគ រួមទាំងមានយុវជនជាច្រើននាក់ទៀតផងដែរ។

ក្នុងការឆ្លើយតប អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា រៀបចំយុទ្ធនាការ នាទិវាស្រោមអនាម័យអន្តរជាតិ ដែលមានការអប់រំ ការធ្វើតេស្ត ការចែកស្រោមអនាម័យ ពិភាក្សាពីស្រោមអនាម័យ អបអរសាទរ និងរបាំកំសាន្តសប្បាយជាមួយតន្ត្រី សម័យបុរាណ។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានថ្លែងថា ការរៀបចំអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ ជាមួយយុទ្ធនាការផ្សព្វផ្សាយកម្មវិធីយុទ្ធនាការផ្សព្វផ្សាយទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៦នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសារប្រយោជន៍នៃស្រោមអនាម័យ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព ដែលបានរៀបចំទូទាំងពិភពលោកដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេស៍ ទូទាំង ៤៧ប្រទេស។

លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ដែរថា ការរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានែក្តីស្រឡាញ់ របស់អង្គការ AHF កម្ពុជា ក្រោមប្រធានបទ «កុំស្ទាក់ស្ទើប្រើស្រោមអនាម័យ» ជាការឆ្លើយតបទៅនឹងគោលនយោបាយររបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតប និងទប់ស្កាត់នូវមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ខណៈមកដល់ពេលនេះប្រទេសកម្ពុជាយើង នូវតែចាត់ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៅតែមានហានិភ័យ និងត្រូររួមគ្នាទប់ស្កាត់កុំឱ្យមានការរីករាលដាលបន្ថែមទៀត។

លោកបណ្ឌិត បានបន្ថែមថា ថ្មីៗនេះរាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញផែនការដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងជំរុញនូវការអនុវត្តន៍ស្រោមអនាម័យឱ្យបាន ១០០% ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបាននូវការឆ្លងថ្មីនៃមេរោគអេដស៍ដ៏កាចសាហាវមួយនេះ និងទប់ស្កាត់ធ្វើយ៉ាងឱ្យកុំឱ្យមានការឆ្លងមេរោគនេះថ្មីបន្ថែមទៀត និងធ្វើយ៉ាងណាឱ្យការឆ្លងថ្មីនេះ មានតិចជាងម្នាក់ក្នុងមួយថ្ងៃ ឫក្នុងរង្វង់ ២០០នាក់ ក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានអ្នកឆ្លងមេរោគអេដស៍ជាង ១០០៩នាក់ ក្នុងមួយឆ្នាំ ដែលជាចំនួនមួយខ្ពស់គួរឱ្យព្រួបារម្ភផងដែរ។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញសកលដែលផ្តល់ថ្នាំពេទ្យទំនើប និងការតស៊ូមតិដល់មនុស្សជាង ២,៨ លាននាក់នៅក្នុងប្រទេសចំនួន ៥០ ទូទាំងពិភពលោកនៅអាហ្វ្រិក អាមេរិក តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/អេដស៍មិនស្វែងរកប្រាក់ចំណេញធំជាងគេបំផុតនៅលើពិភពលោក៕

To Top