ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ត្រៀមកងកម្លាំងរហូតដល់ ៨.០០០នាក់ ទៅតំបន់ហ្គាហ្សា ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព

បរទេស៖ ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមបណ្តុះបណ្តាលទាហានរហូតដល់ ៨.០០០ នាក់ ដែលខ្លួនមានគម្រោងបញ្ជូន ជាផ្នែកមួយនៃកងកម្លាំងរក្សា សន្តិភាព អន្តរជាតិទៅកាន់តំបន់ហ្គាហ្សា ដែលជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ លើកដំបូងចំពោះធាតុផ្សំសំខាន់ នៃផែនការកសាងឡើងវិញក្រោយសង្គ្រាមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីមានបទពិសោធន៍ ក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរួមចំណែកកំពូលទាំង ១០ ដល់បេសកកម្មរបស់អង្គការសហប្រជាជាតិ រួមទាំងនៅប្រទេសលីបង់ ហើយបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា រួមទាំងការផ្តល់មូលនិធិដល់មន្ទីរពេទ្យផងដែរ។

ទោះជាយ៉ាងណា ក៏ដោយ ប្រជាជនឥណ្ឌូនេស៊ីជាច្រើន មានការសង្ស័យ ចំពោះផែនការរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ក្នុងការចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិភាព ដែលបានស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន និងចូលរួមក្នុងកងកម្លាំងសន្តិសុខអន្តរជាតិ ដោយមានតែព័ត៌មាន លម្អិតមិនច្បាស់លាស់ រហូតមកដល់ពេលនេះអំពីរបៀប ដែលពួកគេនឹងដំណើរការ ដោយមើលឃើញថា វាគ្រាន់តែជាការឱនក្បាល ចំពោះរបៀបវារៈរបស់លោក ត្រាំ ខណៈដែលប្រទេសទាំងពីរកំពុងចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្ម៕
ប្រែសម្រួលៈ ណៃ តុលា

To Top