ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលេីកឡេីងថា កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តប្រទេសចិន។
តាមរយៈសារលិខិតជូន លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា និងចិនមានចំណងមិត្តភាពយូរអង្វែង និងរឹងមាំ ឈរលើមូលដ្ឋាននៃទំនុកចិត្តដ៏ជ្រាលជ្រៅ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ។ សម្ដេច «ទំនាក់ទំនងទ្វេភាគីរបស់យើងទាំងក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ត្រូវបានបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ ហើយ សម្រេចបានសមិទ្ធផលជាក់ស្តែង និងផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ»។
សម្ដេចធិបតី បន្ដថា «កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តចិន។ ក្នុងស្មារតីនេះ យើងនឹងបន្តធ្វើការ ជាមួយមិត្តចិន ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន លើកកម្ពស់ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនាំមកនូវវិបុលភាពយូរអង្វែងដល់ប្រជាជនរបស់យើងទាំងពីរ និងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក»៕
