ចិន ជំរុញឱ្យមានការស្តារឡើងវិញ នូវខ្សែសង្វាក់ផ្គត់ផ្គង់ ឧបករណ៍អេឡិចត្រូនិកសកល ដែលមានស្ថេរភាព
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យមានការខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញ នូវប្រតិបត្តិការរលូន និងមានស្ថេរភាពនៃខ្សែសង្វាក់ ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកសកល បន្ទាប់ពីតុលាការហូឡង់ បានប្រកាសពីសេចក្តីសម្រេចទាក់ទង នឹងក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក Nexperia។
អ្នកនាំពាក្យរបស់ក្រសួងបានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការសម្រេចចិត្តថ្មីៗរបស់សភាពាណិជ្ជកម្មហូឡង់ ក្នុងការបើកការស៊ើបអង្កេតលើការគ្រប់គ្រងមិនត្រឹមត្រូវនៅក្រុមហ៊ុន Nexperia។
អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា ការស្តារឡើងវិញនូវប្រតិបត្តិការរលូន និងមានស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកសកល គឺជារឿងបន្ទាន់បំផុត ដែលបម្រើផលប្រយោជន៍រួម របស់ឧស្សាហកម្មនៅលើឆាកអន្តរជាតិ រួមទាំងនៅក្នុងប្រទេសចិន និងហូឡង់ផងដែរ។
អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិនសង្ឃឹមថា ភាគីហូឡង់ ដោយគិតគូរពីផលប្រយោជន៍ទូលំទូលាយ នៃការការពារស្ថិរភាព នៃឧស្សាហកម្មឧបករណ៍អេឡិចត្រូនិកសកល និងខ្សែសង្វាក់ផ្គត់ផ្គង់ នឹងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សហគ្រាសមកពីប្រទេសទាំងពីរ ដើម្បីដោះស្រាយជម្លោះផ្ទៃក្នុងតាមរយៈការចរចាប្រកបដោយស្ថាបនា៕
ប្រែសម្រួល ឈូក បូរ៉ា
