ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍ពិសេសនៅប្រទេសអាល្លឺម៉ង់ នៃ​ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG ប្រារព្ធឡើងនៅទីក្រុងហាំប៊ឺក

នៅថ្ងៃទី១២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅប្រទេសអាល្លឺម៉ង់នៃ​ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG បានប្រារព្ធឡើងនៅទីក្រុងហាំប៊ឺក។ ព្រឹត្តិការណ៍នេះត្រូវបានរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសមាគមមិត្តភាពអាល្លឺម៉ង់-ចិននៅទីក្រុងហាំប៊ឺក។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក CMG បានថ្លែងថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMGប្រចាំឆ្នាំនេះនឹងធ្វើឡើងក្រោមប្រធានបទ “សេះពាន់លីបំផាយទៅមុខ កម្លាំងខ្លាំងមិនអាចរារាំងបាន” ដោយប្រើប្រាស់សមិទ្ធផលនៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ដូចជា “5G+4K/8K+AI” និងផ្សព្វផ្សាយជា ៨៥ ភាសា ដើម្បីបង្ហាញកម្មវិធីវប្បធម៌ដ៏អស្ចារ្យមួយលើកសម្រាប់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសចិន។

លោក Peter Tschentscher អភិបាលក្រុងហាំប៊ឺកបានថ្លែងថា ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ប្រទេសអាល្លឺម៉ង់ ហើយទីក្រុងហាំប៊ឺកមានការទាក់ទងទៅមករកគ្នាជាមួយទីក្រុងរបស់ចិនរយ:ពេលយូរណាស់មកហើយ។

ឆ្នាំនេះគឺជាខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងទីក្រុងជាបងប្អូនរវាងទីក្រុងហាំប៊ឺក និងទីក្រុងសៀងហៃ ហើយភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យសេដ្ឋកិច្ច ការស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌ជាដើម។

លោកបានជូនពរដល់មនុស្សគ្រប់គ្នាឱ្យទទួលបានសេចក្តីសុខសិរីមង្គលនិងរីករាយក្នុងឆ្នាំចិន ហើយចំណងមិត្តភាពរវាងអាល្លឺម៉ង់ និងចិនកាន់តែមានភាពរឹងមាំ និងបន្តឋិតថេរចីរកាលតរៀងទៅ៕

To Top