ព័ត៌មានអន្តរជាតិ

ឥណ្ឌាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន ៣៨ រួមទាំងកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស ជាមួយសហភាពអឺរ៉ុប

បរទេស៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលឥណ្ឌាសម្រេចបាននឹងជួយសម្រួលដល់ការចូលទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសកាន់តែទូលំទូលាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រទេសអាស៊ីខាងត្បូង គឺឥណ្ឌា ឥឡូវនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន ៣៨ រួមទាំងកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេសដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន និងកិច្ចព្រមព្រៀងមួយជាមួយសហភាពអឺរ៉ុបដែលបានប្រកាសកាលពីខែមករា។

ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកក៏កំពុងបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងផងដែរ។

លោក ម៉ូឌី បានប្រាប់ PTI ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងទាំងនេះមានសារៈសំខាន់មិនត្រឹមតែដោយសារតែការកាត់បន្ថយពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការចូលទៅកាន់ទីផ្សារនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផងដែរ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-ចក្រភពអង់គ្លេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប នឹងលុបបំបាត់ពន្ធលើ ៩៩% នៃការនាំចេញរបស់យើងទៅកាន់ប្រទេសទាំងនោះ។ ពាណិជ្ជកម្មទំនិញជាមួយទាំងអូស្ត្រាលី និងអារ៉ាប់រួមបានកើនឡើងទ្វេដងចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”។

លោក ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បន្តថា ការផលិតការពារជាតិរបស់ឥណ្ឌាកំពុងកើនឡើង ប្រទេសនេះជាអ្នកផ្គត់ផ្គង់ឱសថសកល និងការផលិតគ្រឿងអេឡិចត្រូនិចបានពង្រីក។ លោកក៏បានលើកឡើងពីវឌ្ឍនភាពនៅក្នុងវិស័យវាយនភណ្ឌ ទំនិញវិស្វកម្ម និងសារធាតុគីមីផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top