ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា បានមកដល់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមរំលឹកថា នៅវេលាម៉ោង២២ នៅ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងទស្សនកិច្ចការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ពីថ្ងៃទី១៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះគឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា៕

To Top