កម្ពុជា-ជប៉ុន ពង្រឹងកិច្ចប្រតិបត្តិការឆ្លើយតបការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ ដោយផ្អែកលើយន្តការឥណទានរួម (JCM)។

ខ្លឹមសារនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ជាមួយ លោក ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ការជំរុញឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកាបូនទាប ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។

ភាគីទាំងពីរ បានយល់ស្របជាមួយគ្នាលើចំណុចទាំង៦ រួមមាន ទី១.យន្តការឥណទានរួម(JCM) ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស ទី២ សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខណ្ឌអាស៊ាន ទី៣ ការគាំទ្រលើផែនការជាតិ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុជាពិសេសប្រព័ន្ធព្រមានជាមុន(Early Warning System) ទី៤ គឺការកែច្នៃសំរាម-សំណល់ឡើងវិញ និងការទាញយកថាមពលអគ្គីសនីពីសំណល់ ទី៥ ការផ្សព្វផ្សាយព័ត៌មានអំពីផលប៉ះពាល់នៃសំរាម-សំណល់ ការផលិតថង់ជីវម៉ាសងាយបំបែកធាតុ និងទី៦ ការផ្លាសប្តូរបទពិសោធន៍លើការគ្រប់គ្រងឧទ្យានជាតិ។

សូមជម្រាបជូនថា យន្តការឥណទានរួម (Joint Credit Mechanism – JCM) គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ ក្នុងគោលបំណងសំខាន់ គឺដើម្បីជំរុញការវិនិយោគ និងការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា ផលិតផល ប្រព័ន្ធ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលមានកាបូនទាប៕

