ព័ត៌មានជាតិ

លោក កែវ រ៉េមី ៖ ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនជាការទទួលស្គាល់ការបាត់បង់ដីទេ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្ន ឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់ របស់មនុស្សមួយចំនួននោះទេ ។
ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ ដើម្បីឆ្លើយតបទៅនឹងមតិរបស់បុគ្គលមួយចំនួនដែលមិនគាំទ្រ ដល់រាជរដ្ឋាភិបាលដែលប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដី តាមរយៈធ្វើផ្ទះឱ្យជនភាសឹក ។

ចំណុចនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើការបំភ្លឺថា រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតផ្លូវការជាបន្តបន្ទាប់ បដិសេធមិនទទួលស្គាល់ ចំពោះការឈ្លានពានទឹកដី ដោយប្រើកម្លាំងពីយោធាថៃ ។
លោកបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ។ ការទាមទារនេះ មិនមែនជារឿងលេងសើចដោយប្រើរយៈពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ ។ បើត្រូវប្រើរយៈពេលវែងក្នុងការទាមទារទឹកដី និងផ្ទះសម្បែងមកឱ្យប្រជាជនវិញ តើបានគិតគូរដល់ជនភៀសសឹកតើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរឬទេ? នេះគឺជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

លោក កែវ រ៉េមីគូសបញ្ជាក់ថា ការដែលសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់បុគ្គលមាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេ តែផ្ទុយទៅវិញ ទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយការរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់។

លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី សង្កត់ធ្ងន់ថា ទាំងអស់គ្នាមានការឈឺចាប់ តែពិបាកនិយាយ ថ្ងៃបុណ្យទៀន ឬថ្ងៃសៅរ៍ ឬអាទិត្យក៏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់រាជរដ្ឋាភិបាលមិនបានសម្រាក ដោយប្រើពេលវេលាដ៏មានតម្លៃរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នារែកពន់ក្នុងនាមជាអ្នកទទួលខុសត្រូវ៕

To Top