អ៊ីរ៉ង់ មើលឃើញពីឱកាសថ្មី នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ប៉ុន្តែសមយុទ្ធតាមច្រកសមុទ្រ របស់ខ្លួនបង្ហាញ ពីភាពស្មុគស្មាញ
តេអេរ៉ង់៖ អ៊ីរ៉ង់ បានបង្ហាញសុទិដ្ឋិនិយម ដោយប្រុងប្រយ័ត្ន បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរ ដោយប្រយោលជុំទីពីរ ជាមួយសហរដ្ឋអាមេរិក ដោយពណ៌នាថាពួកគេបើក “ឱកាសថ្មី” ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ មិនទាន់ទទួលស្គាល់ “បន្ទាត់ក្រហម” របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅឡើយទេ។
បន្ទាប់ពីការចរចាដែលសម្របសម្រួល ដោយអូម៉ង់នៅស្ថានទូតអូម៉ង់ នៅទីក្រុងហ្សឺណែវ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ការពិភាក្សាទាំងនេះ មានលក្ខណៈ “ស្ថាបនា” ជាងជុំទីមួយ ដែលបានធ្វើ ឡើងនៅទីក្រុង Muscat។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋ IRIB លោកបានលេីកឡេីងថា ភាគីទាំងពីរបានឈាន ដល់ការយោគយល់គ្នា ទូទៅលើសំណុំ នៃគោលការណ៍ណែនាំ ហើយនឹងឈានទៅរកការរៀបចំ កិច្ចព្រមព្រៀង ដែលអាចធ្វើទៅបាន។
លោកបានបន្ដថា កាលបរិច្ឆេទសម្រាប់ជុំទីបី នឹងត្រូវបានកំណត់នៅពេល ដែលអត្ថបទព្រាងត្រូវបានរៀបចំ និងផ្លាស់ប្តូរ ដោយបន្ថែមថា ការបង្រួមគម្លាតរវាងភាគីទាំងពីរ “នឹងត្រូវការពេលវេលា”។
ថ្លែងទៅកាន់សន្និសីទរំសាយអាវុធ របស់អង្គការសហប្រជាជាតិ នៅពេលក្រោយនៅទីក្រុងហ្សឺណែវ លោក Araghchi បាននិយាយដោយសំឡេង ដែលមានក្តីសង្ឃឹមជាងមុន ដោយនិយាយថា “ឱកាសថ្មី” បានបើកសម្រាប់ដំណោះស្រាយ ចរចាប្រកបដោយចីរភាព ដែលនឹងការពារផលប្រយោជន៍ របស់គ្រប់ភាគីទាំងអស់ និងតំបន់ទូលំទូលាយ ខណៈពេលដែលទទួលស្គាល់ សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
