អ៊ីរ៉ង់ បញ្ជាក់ហេីយថា នឹងមិនបោះបង់ចោលបច្ចេកវិទ្យានុយក្លេអ៊ែរសន្ដិភាពនោះទេ
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសនេះនឹងមិនបោះបង់ចោលបច្ចេកវិទ្យានុយក្លេអ៊ែរ “ដោយសន្តិវិធី” របស់ខ្លួននោះឡើយ។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំជាមួយសកម្មជនស៊ីវិលបីនាក់ ខណៈពេលដែលបានបង្ហាញពីភាពត្រៀមខ្លួនរបស់អ៊ីរ៉ង់ក្នុងការបញ្ជាក់ពីលក្ខណៈសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក Pezeshkian បានលេីកឡេីងថា អ៊ីរ៉ង់ បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរដោយផ្អែកលើគោលនយោបាយដែលបានគូសបញ្ជាក់ និងក្រឹត្យសាសនា ដែលចេញដោយមេដឹកនាំកំពូលលោក Ali Khamenei របស់ប្រទេសនោះទេ ដោយបន្ថែមថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេច សម្រាប់ការផ្ទៀងផ្ទាត់ណាមួយនៅក្នុងរឿងនោះ។
លោកបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនឹងមិនទទួលយកការបដិសេធមិនឱ្យប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីព្យាបាលអ្នកជំងឺ និងអភិវឌ្ឍឧស្សាហកម្ម និងកសិកម្មរបស់ខ្លួនឡើយ។
ការកត់សម្គាល់របស់លោកបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាការកសាងយោធារបស់សហរដ្ឋអាមេរិកនៅអាស៊ីខាងលិច៕
ប្រែសម្រួល ឈូក បូរ៉ា
