Update: កិច្ចចរចាលើកទី២ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់ ខណៈកិច្ចចរចាជុំថ្មីនឹងត្រូវកំណត់ពេល
ហ្សឺណែវ៖ កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលលើកទី២ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់នៅទីនេះ នៅថ្ងៃអង្គារ ដោយកិច្ចចរចាថ្មីនឹងត្រូវកំណត់ពេល។
ការចរចា ដែលបានធ្វើឡើងនៅស្ថានទូតអូម៉ង់ ក្នុងទីក្រុងស្វីស ត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi។
ប្រេសិតពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Jared Kushner បានតំណាងឱ្យទីក្រុងវ៉ាស៊ីនតោន ក្នុងការចរចា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានដឹកនាំគណៈប្រតិភូ «ការទូត និងជំនាញ» ទៅកាន់កិច្ចចរចា។
លោក Albusaidi បានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កិច្ចចរចាថ្ងៃអង្គារ បានបញ្ចប់ដោយ «វឌ្ឍនភាពល្អ» ឆ្ពោះទៅរកការកំណត់គោលដៅរួម និងបញ្ហាបច្ចេកទេសពាក់ព័ន្ធ។ លោកបានបន្ថែមថា «មានការងារជាច្រើនដែលត្រូវធ្វើ ហើយភាគីនានាបានចាកចេញជាមួយនឹងជំហានបន្ទាប់ច្បាស់លាស់មុនកិច្ចប្រជុំបន្ទាប់»។
លោក Araghchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បន្ទាប់ពីការចរចាថា កិច្ចចរចាត្រូវបានធ្វើឡើងក្នុងបរិយាកាស «ស្ថាបនា» ជាងបើប្រៀបធៀបទៅនឹងជុំមុននៅប្រទេសអូម៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
