ចាប់បានហើយ ! ឃាតកកាប់សម្លាប់ បងស្រីនិងក្មួយប្រុសបង្កើត នៅស្រុកត្រាំកក់ ខេត្តតាកែវ
តាកែវ៖ បុរសជាឃាតករដៃឆៅ លើកដៃកាប់សម្លាប់ បងស្រីនិងក្មួយប្រុសបង្កើតរបស់ខ្លួន កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវចាប់ខ្លួនបានហើយ និងកំពុងកសាងសំណុំរឿង បញ្ជួនទៅតុលាការ ដើម្បីផ្ដន្ទាទោស ។

បើតាមរបាយការណ៍ របស់កងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថាបុរសជាឃាតករមានឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង២០:០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

វត្ថុតាងចាប់យករួមមាន ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ 1Q-៦៥៤៨ ទូរសព្ទដៃចំនួន៣គ្រឿង និងប្រាក់ចំនួន៥.៤០០រៀល។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

