លោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួស ៥០០កញ្ចប់ ដែលជាព្រះរាជអំណោយពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ
កំពង់ធំ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួស ចំនួន ៥០០កញ្ចប់ ជូនដល់បងប្អូនសាសនិកឥស្លាម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះចៅ សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីហ្ស អាល់ស៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកក្នុងខែរ៉ាម៉ាឌនដ៏វិសុទ្ធ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍។

លោកបណ្ឌិត បន្ថែមទៀតថា កម្មវិធីនេះស្តែងឱ្យឃើញពីទំនាក់ទំនងការទូត និងសប្បុរសធម៌ដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងកិច្ចការសាសនាឥស្លាម អារ៉ាប៊ីសាអូឌីត។

លោកបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចទាំងទ្វេ តែងតែគិតគូរ និងឲ្យតម្លៃដល់ សាសនិកឥស្លាម
គ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា និងរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា គ្មានការរើសអើង។

លោក បណ្ឌិត ទេសរដ្ឋមន្រ្តី បានដាស់តឿនដល់បងប្អូនសាសនិកឱ្យខិតខំសាងកុសលផលបុណ្យ បួសដោយភាពអត់ធ្មត់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដែលនេះជាខ្លឹមសារពិតប្រាកដនៃខែដ៏វិសុទ្ធនេះ៕



ដោយ៖ សំនៀង
