រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត សហព័ន្ធប្រេស៊ីល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

បន្ទាប់ពីបានសម្តែងការអបអរសាទរ ចំពោះលោកស្រី ដែលទើបទទួលបានការតែងតាំង ជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេសកម្ពុជា និងស្វាគមន៍ ការអញ្ជើម មកក្រសួងអភិវឌ្ឍន៍ជនបទ លោករដ្ឋមន្ត្រី ធ្វើការជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេសកម្ពុជា ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេន ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ ចំណូលកម្រិតខ្ពស់ ។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដែលបានដាក់ចេញ នូវកម្មវិធីអាទិភាព ចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទ មានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។

បន្ទាប់ពីប្រសាសន៍ ស្វាគមន៍របស់លោករដ្ឋមន្ត្រីរួមមក លោកស្ស្រីឯកអគ្គរដ្ឋទូត បានធ្វើការអបអរសាទរ ការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញ ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលធ្វើឱ្យសន្ទុះ នៃការអភិវឌ្ឍនៅកម្ពុជា មានការប្រែប្រួលយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះដែរលោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រសាសន៍ ពន្យល់ដ៏ក្បោះក្បាយ និងមានអត្ថន័យ របស់លោករដ្ឋមន្ត្រី ដែលបានធ្វើឱ្យលោកស្រី ទទួលបានបទពិសោធន៍ថ្មីៗ ជាច្រេីនបន្ថែមទៀត លើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។
លោកស្រីក៏បានធ្វើការចែករំលែកអំពីបទពិសោធន៍ក្នុងការអភិវឌ្ឍន៍នៅជនបទក្នុងប្រទេសប្រេស៊ីល និងការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសូួងអភិវឌ្ឍន៍ជនបទឱ្យកាន់ជិតស្និត បន្ថែមទៀត។

មុននិងបញ្ចប់ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកស្រី និងសហការី ដែលបានអញ្ជើញមកនាពេលនេះ និងបានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះលោកស្រី ដែលបានទទួល យកនូវរាល់សំណូមពរ និងការបង្ហាញអំពីកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែរឹងមាំថែមទៀត ៕
