ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់សម្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិឃុំ សង្កាត់ទូទាំងខេត្ត

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិ លើការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ, ការជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាក នៃសង្គ្រាមឈ្លានពានតាមព្រំដែន និងការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦។

ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំកោះសំពៅមាសសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត, លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត, លោក ប៊ុង តាំងឡាយ នាយកទីចាត់ការផែនការវិនិយោគ, មន្ត្រីរាជការ និងសប្បុរសជនជាច្រើនរូបទៀត។

មានមតិសំណេះសំណាល លោក ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកាយវិការសប្បុរសធម៌ របស់អស់លោក លោកស្រី ដែលជាអ្នកទទួលការគម្រោងមូលនិធិ ឃុំ សង្កាត់ ទូទាំងខេត្តទាំងអស់។ វត្តមានរបស់បងប្អូននៅថ្ងៃនេះ មិនមែនត្រឹមតែក្នុងនាមជាអ្នករកស៊ីទទួលទាននៅក្នុងខេត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ដៃគូអភិវឌ្ឍន៍ដ៏មានបេះដូងសប្បុរស មានទឹកចិត្តចេះចែករំលែក” ដែលតែងតែនៅក្បែររដ្ឋបាលខេត្ត គ្រប់កាលៈទេសៈ។

ជាការពិតណាស់ បងប្អូនបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិជាថ្ងៃនេះ មាន៣វិស័យសំខាន់ៗរួមមាន៖
ទី១-ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ ពីចំណុចទេពឧកញ៉ា ឃ្លាំង មឿង ដល់វត្តវាល នេះគឺជាការផ្តល់ “ពន្លឺ និងសុវត្ថិភាព” ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើឱ្យមុខមាត់ខេត្តរបស់យើងកាន់តែស្រស់បំព្រង ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ទី២-ការជួយដល់វីរកងទ័ពជួរមុខ កំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ក្នុងកាលៈទេសៈដ៏លំបាកនៃសង្គ្រាមឈ្លានពានតាមព្រំដែន បងប្អូនមិនបានឈរមើលដោយបង្អង់ឡើយ។ ស្បៀងអាហារ និងថវិកាដែលបងប្អូនបានផ្តល់ឱ្យ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនខ្មែរយើងដែលកំពុងរងគ្រោះ ឱ្យមានសង្ឃឹមឡើងវិញ។

ទី៣-ការគាំទ្រកាកបាទក្រហម ក្នុងឱកាសខួបលើកទី ១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ នឹងក្លាយជាឧបករណ៍ដ៏ស័ក្តិសិទ្ធិសម្រាប់ជួយសង្គ្រោះដល់ជនងាយរងគ្រោះ ចាស់ជរា និងកុមារកំព្រា។

លោក ខូយ រីដា សង្ឃឹមយ៉ាងមុតមាំថា ស្មារតី “ខ្មែរជួយខ្មែរ” និងវប្បធម៌នៃការចែករំលែកនេះ នឹងនៅតែបន្តជានិរន្តរ៍ ដើម្បីរួមគ្នាស្ថាបនាខេត្តរបស់យើងឱ្យកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ ឯកឧត្តមប្តេជ្ញាចិត្តនឹងខិតខំបន្តបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្មរបស់បងប្អូន ឱ្យកាន់តែរីកចម្រើន។

ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ ដល់អស់លោក លោកស្រី សប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យអាជីវកម្មរបស់បងប្អូនកាន់តែរីកចម្រើន ជោគជ័យគ្រប់ភារកិច្ច៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top