ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអ៊ីរ៉ង់​ ពង្រឹងចំណងមិត្តភាពនុយក្លេអ៊ែរ និងយោធា ខណៈដែលសម្ពាធរបស់អាមេរិកកើនឡើង ចំពេលមានការចរចានុយក្លេអ៊ែរ​ ដែលកំពុងបន្ត

គែរ៖ ទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ កំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងប្រតិបត្តិការយោធា ខណៈដែលអ៊ីរ៉ង់​ ស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។

រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Sergei Tsivilev បានឧ្យដឹងថា ប្រទេសទាំងពីរកំពុងស្វែងយល់ពីការសាងសង់អង្គភាពរោងចក្រថាមពលនុយក្លេអ៊ែរថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងតេអេរ៉ង់ ជាមួយរដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ង់ លោក Mohsen Paknejad លោក Tsivilev បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអ៊ីរ៉ង់​ លើថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។

លោកបានលេីកឡេីងថា “យើងកំពុងបន្តការសាងសង់អង្គភាពទីពីរ និងទីបីនៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ហើយឥឡូវនេះកំពុងពិភាក្សាអំពីជម្រើស​ សម្រាប់អង្គភាពថាមពលខ្ពស់ និងថាមពលទាបបន្ថែម​ ក្រុមការងាររួមគ្នាមួយនឹងបង្ហាញសំណើរបស់ខ្លួន​ សម្រាប់ការអនុម័តក្នុងរយៈពេល​៣ខែ”។

រុស្ស៊ីបានចូលរួមនៅក្នុងរោងចក្រ Bushehr នៅលើឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ក្នុងឆ្នាំ១៩៩៥។

រោងចក្រនេះបានចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីទៅក្នុងបណ្តាញអគ្គិសនីជាតិនៅក្នុងខែកញ្ញា ឆ្នាំ២០១១​ ហេីយនៅឆ្នាំ២០១៤​ អ៊ីរ៉ង់ និងរុស្ស៊ី​ បានព្រមព្រៀងគ្នាសាងសង់រ៉េអាក់ទ័រពីរបន្ថែមទៀតនៅ Bushehr ជាមួយនឹងជម្រើស​ សម្រាប់អង្គភាពបន្ថែមចំនួន​ ៦​ នៅការដ្ឋានផ្សេងទៀត​ ដោយការសាងសង់បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០១៧។

ថ្មីៗនេះ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រនុយក្លេអ៊ែរនៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top