អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបន្តចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំនុចស្ពានថ្មថ្មីរហូតដល់ស្ពានថ្មចាស់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវ វឌ្ឍនភាពការងារអភិវឌ្ឍច្រាំងស្ទឹងចាប់ពីចំណុចស្ពានថ្មថ្មី រហូតដល់ស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានមានប្រសាសន៍ថា យើងត្រូវតែកែប្រែរៀបចំឡើងវិញនៅច្រាំងស្ទឹងអោយប្រែក្លាយសួនច្បារមានផ្កាគ្រប់ពណ៍ចំរុះ បំពាក់អំពូលភ្លើងដើម្បីជាប្រយោជន៍ ទី១៖ កែលំអរសោភណ្ឌភាពក្រុងអោយស្រស់បំព្រង។ទី២៖ សម្រាប់ពុកម៉ែបងប្អូនដែលរស់នៅតាមមាត់ស្ទឹង ដើរហាត់ប្រាណ និងអង្គុយលេងកំសាន្តលំហែកាយ។

លោកអភិបាលខេត្ត បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅលើដីចំណីស្ទឹងក្នុងទីប្រជុំជនខេត្ត សូមរុះរើដោយខ្លួនឯងជាបណ្តើរៗទៅ ដើម្បីរៀបចំអភីវឌ្ឍន៍ខេត្តអោយស្អាតទាំងអស់គ្នា។

លោកអភិបាលខេត្ត ក៏បានឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រង ជាយុទ្ធសាស្ត្រក្នុងការទាក់ទាញអារម្មណ៍អ្នកដំណើរ៕




ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
