ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ ក្នុងកិច្ចប្រជុំលើកដំបូង​​«ក្រុមប្រឹក្សាសន្តិភាព» លោកត្រាំ រំឭកពី«ជម្លោះព្រំដែន កម្ពុជា-ថៃ»នាំឱ្យមានការប្រយុទ្ធគ្នាខ្លាំង

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រាដែលបានអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមប្រជុំលើកដំបូង​​«ក្រុមប្រឹក្សាសន្តិភាព» បានលើកឡើងថា ក្នុងកិច្ចព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីក្រុងវ៉ាស៊ីនតោន​ លោកដូលណា ត្រាំ ប្រធានាធិបតីអាមេរិកបានរំឭកពី«ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ»នាំឱ្យមានការប្រយុទ្ធគ្នាខ្លាំង។

បើតាមហ្វេសប៊ុករបស់លោករដ្ឋមន្រ្តីព័ត៌មាននារាត្រីថ្ងៃ១៩ កុម្ភៈ ម៉ោងនៅកម្ពុជា ត្រូវនឹងព្រឹកថ្ងៃ១៩ កុម្ភៈ ម៉ោងនៅអាម៉េរិកបានឱ្យដឹងថា តាមការអញ្ជើញរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមប្រជុំលើកដំបូង​​«ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក​។​ 

លោកបន្តថា មេដឹកនាំនិងតំណាងប្រជាជាតិជាច្រើន ប្រទេសបានចូលរួមប្រជុំ។ ក្នុងឱកាសនៃកិច្ចប្រជុំលើកដំបូងនេះ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានរំឭកពី«ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ»ដែលនាំឱ្យមានការប្រយុទ្ធគ្នាខ្លាំង។ 

លោកបន្ថែមថា នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ពិភពលោកថា«យោធាថៃបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែង ក្រោយបទឈប់បាញ់»៕

To Top