ការសិក្សាបង្ហាញថា ចំនួនអ្នកស្លាប់នៅហ្គាហ្សា គឺខ្ពស់ជាងគេចំនួន ប្រកាសផ្លូវការ
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ចំនួនពិតប្រាកដ នៃការបាត់បង់ជីវិត ដោយហិង្សា នៅតំបន់ហ្គាហ្សា ពីសង្គ្រាម អ៊ីស្រាអែល និង ក្រុមហាម៉ាស់ គឺអាចលើសពីតួលេខផ្លូវការ នេះបើយោងតាមការស្ទង់មតិ ផ្អែកលើប្រជាជនឯករាជ្យ ដែលបានធ្វើឡើងក្នុងអំឡុងពេលជម្លោះ។
ការរកឃើញដែលត្រូវបានចេញផ្សាយនៅក្នុង The Lancet Global Health នៅសប្តាហ៍នេះ បង្ហាញថាចំនួនប៉ាន់ស្មាន នៃអ្នកស្លាប់ដែលទាក់ទងនឹងជម្លោះ រវាងថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គឺខ្ពស់ជាងតួលេខដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល ហ្គាហ្សាប្រហែល៣៥ភាគរយ ។
របាយការណ៍ បាននិយាយថា ៖ ភស្តុតាងរួមបញ្ចូលគ្នាបង្ហាញថា គិតត្រឹមថ្ងៃទី៥ខែមករា ឆ្នាំ២០២៥ចន្លោះ ពី៣ទៅ៤ភាគរយ នៃចំនួនប្រជាជននៃតំបន់ Gaza Stripឬប្រហែលជា៧៥០០០នាក់ ត្រូវបានសម្លាប់ដោយហិង្សា ហើយមានចំនួនច្រើន នៃការស្លាប់ដោយអហិង្សា ដែលបណ្តាលមកពីជម្លោះ ដោយប្រយោលផ្សេងទៀត។
អ្នកស្រាវជ្រាវបានស្ទង់មតិប្រមាណជា២០០០គ្រួសារ ដែលតំណាងឱ្យមនុស្សជិត១០០០០នាក់នៅទូទាំងតំបន់ហ្គាហ្សា ចន្លោះខែធ្នូ ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ ២០២៥រួមទាំងគ្រួសារដែលផ្លាស់ទីលំនៅពីតំបន់ដែលមិនអាចចូលទៅដល់បានដោយសារតែការប្រយុទ្ធគ្នាដែលកំពុងបន្ត។
ទោះបីជាចំនួនអ្នកស្លាប់សរុបខ្ពស់ជាងក៏ដោយ ទម្រង់ប្រជាសាស្រ្ត នៃអ្នកស្លាប់ និងរបួសបានផ្គូផ្គងនឹងរបាយការណ៍ផ្លូវការ។ របាយការណ៍បាននិយាយថា ស្ត្រី កុមារ និងមនុស្ស ដែលមានអាយុលើសពី៦៤ឆ្នាំ មានប្រហែល៥៦ភាគរយ នៃអ្នកស្លាប់ដោយហិង្សាយ៉ាង ទូលំទូលាយស្រប តាមការវិភាគ របស់ក្រសួងសុខាភិបាល នៃអ្នកស្លាប់៕
ប្រែសម្រួល៖ស៊ុនលី
