ទូតកម្ពុជា-អង់គ្លេស ផ្លាស់ប្តូរយោបល់ លើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Colin James Crooks ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំសាធារណរដ្ឋកូរ៉េ នៅនិវេសនដ្ឋានរបស់លោក Colin James Crooks ក្នុងទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានផ្លាស់ប្តូរយោបល់ លើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បញ្ហាតំបន់ និងអន្តរជាតិ ។

ក្នុងកិច្ចពិភាក្សានោះដែរ លោក ឃួន ផុនរតនៈ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដែលកន្លងមករដ្ឋាភិបាលបានចាប់ខ្លួន ឧក្រិដ្ឋជនជាច្រើននាក់ និងបញ្ជូនពួកគេត្រលប់ទៅប្រទេស របស់ពួកគេវិញជាបន្តបន្ទាប់ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ ។

ឯកអគ្គរាជទូតក៏បានជម្រាប លោក Colin James Crooks អំពីបច្ចុប្បន្នភាព លើបញ្ហាព្រំដែនកម្ពុជា-ថៃ និងភាពចាំបាច់ដែលកម្ពុជា ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើង ដោយប្រធានាធិបតីអាម៉េរិកលោក Donald Trump ៕

