រដ្ឋមន្រ្តីសុខាភិបាល ស្នើភាគីពាក់ព័ន្ធ លើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះ មុនសម្រាល
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថា ទាំងម្តាយ និងទារក មានសុខភាពល្អ ។

ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ទាំងអស់គ្នាមានក្តីប្រាថ្នាដូចគ្នា គឺស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការរក្សាបានស្ថិរភាព ភាពត្រឹមត្រូវ ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់មាតា ទារក កុមារ និងយុវវ័យកម្ពុជា។

រដ្ឋមន្រ្តីបន្ថែមថា តាមវេជ្ជសាស្រ្ត ទារកនឹងមានក្តីប្រាថ្នាកើតមកតាមបែបធម្មជាតិ ដែលនឹងទទួលបានការថែទាំសុខភាពពេញលេញ ក្នុងពេលសម្រាលមួយដ៏លំបាក ហើយទារកទទួលក៏បានសំណាងដោយនៅពេលកើតមក បានកើយលើទ្រូងម្តាយ និងទទួលទឹកដោះដំបូង ដែលនេះជាការរស់រានដ៏ល្អប្រពៃមួយសម្រាប់អនាគតគាត់ ក៏ដូចជាអនាគតគ្រួសារ និងសង្គមជាតិទាំងមូល ។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តល់ជាអនុសាសន៍គន្លឹះដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាល ចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដូចជា ៖ ត្រូវធ្វើការពិនិត្យ ពិភាក្សា ធ្វើបច្ចុប្បន្នភាពលើពិធីសារជាតិសម្រាប់ការពិនិត្យថែទាំផ្ទៃពោះមុនសម្រាល ។ ត្រូវជួយគាំទ្រការពិនិត្យ ថែទាំ ព្យាបាលស្ត្រីមានផ្ទៃពោះ ជាអន្តរាគមន៍ចាំបាច់ អនុវត្តបន្តជាប់មិនដាច់ ចាប់ពីពេលមានផ្ទៃពោះ ដល់ពេលសម្រាល និងបន្តរហូតដល់ ពេលក្រោយសម្រាល ដើម្បីសុខភាពមាតា និងទារក ។ បន្តធ្វើការបណ្តុះបណ្តាលដល់មន្ត្រីបុគ្គលិកសុខាភិបាល ដែលជាអ្នកផ្តល់សេវា អំពីការពិនិត្យថែទាំផ្ទៃពោះ មុនសម្រាលដែលមានគុណភាព ប្រសិទ្ធភាព និងពិសេសការបង្វឹកអំពីការអប់រំ ពន្យល់ ពិគ្រោះយោបល់ជាមួយស្ត្រីមានផ្ទៃពោះ ។

រដ្ឋមន្រ្តីបន្តថា អង្គភាពពាក់ព័ន្ធ ត្រូវបង្កើតសារអប់រំអំពីភាពចាំបាច់ នៃការពិនិត្យថែទាំផ្ទៃពោះត្រូវតាមពេលវេលាកំណត់ ហើយដែលមានខ្លឹមសារងាយយល់ ងាយចាំ និងធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។ ក្នុងនោះពង្រឹងកិច្ចសហការយ៉ាងរឹងមាំគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយសម្រួល ឱ្យគ្រប់ស្ត្រីទាំងអស់បានមកពិនិត្យផ្ទៃពោះ និងសម្រាលនៅមូលដ្ឋានសុខាភិបាល និងនៅមន្ទីរពេទ្យឯកជន ត្រូវមានផ្នែកសង្រ្គោះបន្ទាន់ និងមានសមត្ថភាព ក្នុងការជួយសង្រ្គោះទារក ទើបនឹងកើតដែលមិនប្រក្រតី ៕







