ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ថ្នាក់ដឹកនាំសុខាភិបាល និងគ្រប់មន្ទីរពេទ្យ ត្រូវបម្រើសេវាថែទាំព្យាបាល ឱ្យកាន់តែមានគុណភាព

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល និងគ្រប់មន្ទីរពេទ្យទាំងអស់ បន្តប្តេជ្ញាចិត្តរួមគ្នាខិតខំជាប់ជាប្រចាំ លើការបម្រើសេវាថែទាំព្យាបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ឆ្លើយតបបានតាមតម្រូវការជាក់ស្តែង ។

ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅ ផែនការបន្ត ដើម្បីជំរុញការអនុវត្ត កាន់តែមានប្រសិទ្ធភាព និង ប្រកបដោយគុណភាពខ្ពស់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងអំពីការខិតខំ ប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងទទួលបានលទ្ធផលជាបន្តបន្ទាប់គួរជាទីមោទនភាព ប្រកបដោយភាពរឹងមាំង និងច្បាស់លាស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនឱ្យនរណាម្នាក់មិនទទួលបានការព្យាបាលនោះឡើយ ។

សាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី ត្រូវយកចិត្តទុកដាក់ និងបន្តពង្រឹងការងារប្រចាំថ្ងៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងបន្តបេសកកម្មថ្មីៗសុខាភិបាល ទៅគ្រប់វិស័យ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

បន្ថែមពីនេះ សាស្ត្រាចារ្យ ឈាង រ៉ា បានស្នើឱ្យក្រុមគ្រូពេទ្យត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្តាត់ជំងឺឆ្លងនានា ដែលកំពុងមានការឆ្លងថ្មីៗ ជាពិសេសផ្តាសាយបក្សី ជំងឺនីប៉ាហ៍ និងជំងឺឆ្លងនានា ដើម្បីធានាបានការត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលា៕

To Top