មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកតំបែរ រៀបចំដង្ហែក្បួន យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋ
ត្បូងឃ្មុំ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកតំបែរ រៀបចំយុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ចែកចាកព័ត៌មានក្លែងក្លាយដែលជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ។

យុទ្ធនាការនេះមានការចូលរួមពីលោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន លោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសរុបប្រមាណជិត១,០០០នាក់។

សូមបញ្ជាក់ថា យុទ្ធនាការនេះ បានធ្វើការហែក្បួនចេញពីចំណុចវិទ្យាល័យ ហ៊ុន សែន តំបែរ ឆ្ពោះមកកាន់សាលាស្រុកតំបែរ ក្រោមសម្រែកជ័យឃោស និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ យ៉ាងកងរំពងផងដែ។ ព័ត៌មានក្លែងក្លាយ សុទ្ធតែបានជះឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហឹង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីក្នុងសង្គម។

លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានថ្លែងថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងស្រុកតំបែរ នាពេលនេះ ស្ថិតក្រោមប្រធានបទ « និយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ » Say No To Fake News ហើយយុទ្ធនាការនេះ គឺត្រូវបានក្រសួងព័ត៌មានដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល ១២ ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកចូលរួមអនុវត្តយុទ្ធនាការ គឺមន្ទីរព័ត៌មានរាជធានី ខេត្ត ព្រមទាំងស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។ ។

ដោយឡែកក្នុងខេត្តត្បូងឃ្មុំយើង មានស្រុកចំនួន២គឺ ស្រុកពញាក្រែក និងស្រុកតំបែរ និងឃុំចំនួន១គឺឃុំជប់ ដែលមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានសហការធ្វើការផ្សព្វផ្សាយ នូវយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ។

ការអនុវត្តន៍ដំណើការយុទ្ធនាការនេះដើម្បីបញ្ជ្រាបការយល់ដឹងឱ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាកក្តាដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឱ្យមកចូលរួមទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ ។

លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានសម្តែងការគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លែង ដោយចាត់ទុកថា ព័ត៌មានក្លែងក្លាយគឺជាព័ត៌មានមិនពិត ដោយចេតនា ឬអចេតនា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងបង្កើតឡើង ឬចែកចាយ ដោយមានបំណងបំភាន់មតិសាធារណៈ។

លោកថា៖«រាល់ពេលប្រើប្រាស់បណ្តាញសង្គមត្រូវគិតដល់គ្រោះថ្នាក់ដែលអាចនឹងកើតឡើងគ្រប់ពេល ជាពិសេសលើបណ្តាញសង្គម ឬគណនីដែលគ្មានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងចេះត្រិះរិះពិចារណា រកហេតុផល ស្វែងរកប្រភពជាក់លាក់ ទើបយើងអាចជៀសផុតពីការជឿខុស និងខូចប្រយោជន៍ទាំងខ្លួនឯងផ្ទាល់ និងសង្គមជាតិ»។

សូមជម្រាបថា ព័ត៌មានក្លែងក្លាយមានច្រើនទម្រង់អាចមានជាដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន បង្កើនការផ្សព្វផ្សាយជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរួមគ្នាអនុវត្តវិធានការទប់ស្កាត់៕

អត្ថបទដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/
រូបភាពដោយ៖ ណារ៉ុង
