ក្រសួងអប់រំ ណែនាំពីយុទ្ធនាការ ផ្សព្វផ្សាយពីអក្ខរកម្ម បញ្ញាសិប្បនិម្មិត Al ដល់គ្រឹះស្ថានសិក្សាសារធារណៈ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ ស្តីពី យុទ្ធនាការផ្សព្វផ្សាយពីអក្ខរកម្ម បញ្ញាសិប្បនិម្មិត (Al Literacy Campaign) ដល់គ្រឹះស្ថានសិក្សាសារធារណៈ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ។
យោងតាមតម្រូវការចាំបាច់ ក្រសួងអប់រំ យុវជន និង កីឡា បានពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការ សកម្មភាព សម្រាប់ការអប់រំនៅកម្ពុជា និងមូលនិធិអាស៊ាន ក្នុងការបង្កើនសមត្ថភាពឌីជីថលសម្រាប់យុវជន គ្រូបង្រៀន និងមាតាបិតា ឬ អាណាព្យាបាលសិស្ស ឱ្យស្របតាមការវិវត្ត នៃបច្ចេកវិទ្យាសកល និងដើម្បីធានាថាអ្នកសិក្សាអាចប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ និងក្លាយជាអ្នកជំនាញ ដ៏សំខាន់សម្រាប់ថ្ងៃអនាគត ។
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការ ណែនាំដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និង គ្រឹះស្ថាន សិក្សាសាធារណៈ ដែលបានជ្រើសរើស ក្នុងការចូលរួមអនុវត្តយុទ្ធនាការ ផ្សព្វផ្សាយពីអក្ខរកម្មបញ្ញាសិប្បនិម្មិត តាមរយៈ សកម្មភាពសិក្សា Hour of Code: AI for Oceans៕




