អង់គ្លេស រារាំងអាមេរិក មិនឱ្យប្រើប្រាស់មូលដ្ឋាន យោធារបស់ខ្លួន ដើម្បីវាយប្រហារអ៊ីរ៉ង់
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានការខកចិត្តចំពោះចក្រភពអង់គ្លេស ដោយសារតែការ ស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់មូលដ្ឋានយោធារបស់អង់គ្លេស សម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ , នេះបើយោងតាមរបាយការណ៍ ជាច្រើនដែលបានចេញផ្សាយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានកំណត់ថ្ងៃផុតកំណត់ ១០ថ្ងៃ សម្រាប់ទីក្រុងតេហេរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយទីក្រុង វ៉ាស៊ីនតោន ដោយលោកនិយាយថា “រឿងអាក្រក់នឹងកើតឡើង” ប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការធ្វើដូច្នេះ។ ការព្រមាននេះបានកើតឡើង ចំពេលមានរបាយការណ៍អំពីសហរដ្ឋអាមេរិកដាក់ពង្រាយ ក្រុមវាយប្រហារនាវា ផ្ទុកយន្តហោះពីរក្រុម និងបន្តកសាងយោធា របស់ខ្លួននៅក្នុងតំបន់។
កាសែត The Times បានសរសេរ នៅថ្ងៃដដែលនោះថា យោងតាមការយល់ដឹងរបស់ខ្លួន រដ្ឋាភិបាលអង់គ្លេស នៅតែស្ទាក់ស្ទើរក្នុងការបើកភ្លើងខៀវលើការវាយប្រហារជាមុន របស់សហរដ្ឋអាមេរិកលើ អ៊ីរ៉ង់ពីមូលដ្ឋានគាំទ្រ iNaval Diego Garcia នៅកោះ Chagos ក្នុងមហាសមុទ្រឥណ្ឌា និងកងទ័ពអាកាស Fairford នៅ Gloucestershire ដោយសារការព្រួយបារម្ភថា វានឹងផ្ទុយនឹងការបកស្រាយច្បាប់ អន្តរជាតិរបស់ទីក្រុងឡុងដ៍។
ចក្រភពអង់គ្លេសអះអាងថា ការប្រើប្រាស់កម្លាំង ត្រូវបានអនុញ្ញាត តែក្នុងការការពារខ្លួនប៉ុណ្ណោះ ប្រសិនបើប្រទេស មួយប្រឈមមុខ នឹងការវាយប្រហារ ជាក់ស្តែង ឬជិតមកដល់។ ជំហរនេះមិនបានរារាំងចក្រភព អង់គ្លេសពីការចូលរួម ក្នុងការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ឬធ្វើការវាយឆ្មក់ទម្លាក់ គ្រាប់បែកនៅលីប៊ី និងស៊ីរីនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
