បរទេស៖ ប្រទេសវៀតណាម នឹងក្លាយជាភ្ញៀវ នៅក្នុងសមយុទ្ធ RIMPAC ឆ្នាំ ២០២០ ដោយចូលរួមជា មួយប្រទេសជាង ២០ ផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍ ដែនសមុទ្រអន្តរជាតិ ចំណែកប្រទេសចិន មិនត្រូវបានគេអញ្ជើញ ឱ្យចូលរួមក្នុងសមយុទ្ធនេះទេ ។ យក្សអាស៊ីមួយនេះត្រូវបានគេអញ្ជើញ ឱ្យចូលរួមព្រឹត្តិការណ៍ ២០១៨ ប៉ុន្តែក្រោយមក សហរដ្ឋអាមេរិក បានដកការអញ្ជើញនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា The Rim of the Pacific (RIMPAC) ដែលជាសមយុទ្ធសង្គ្រាម សមុទ្រអន្តរជាតិធំជាងគេបំផុត របស់ពិភពលោក ធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង នឹងវិលត្រឡប់មកវិញ នៅថ្ងៃទី ១៧ ដល់ ៣១ ខែសីហានៅកោះហាវ៉ៃ។ នេះបើយោងតាមកាសែត យោធាអាមេរិក ឈ្មោះ Stars and Stripes។
ការធ្វើសមយុទ្ធនេះត្រូវបានរៀបចំឡើង ដោយមេបញ្ជាការ កងនាវាចរ អាមេរិកប៉ាស៊ីហ្វិក សមយុទ្ធនេះនឹងធ្វើឡើង នៅតាមសមុទ្រតែប៉ុណ្ណោះ ហើយគ្មានព្រឹត្តិការណ៍ សង្គមណាមួយត្រូវបានធ្វើឡើង នៅលើឆ្នេរសមុទ្រឡើយ ដោយសារបញ្ហា Covid-19 ។
កាសែត បានផ្សាយថា ព្រឹត្តិការណ៍នេះស្វាគមន៍ប្រទេសទាំង ២៥ ត្រឡប់មកវិញពីព្រឹត្តិការណ៍ឆ្នាំ ២០១៨ រួមមានអូស្ត្រាលី ប្រេស៊ីល ប្រ៊ុយណេ កាណាដា ស៊ីលី កូឡុំប៊ី បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីស្រាអែល ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ហូឡង់ នូវែលសេឡង់ ប៉េរូ កូរ៉េខាងត្បូង ហ្វីលីពីន សិង្ហបុរី ស្រីលង្កា ថៃ តុងហ្គា ចក្រភពអង់គ្លេស និងវៀតណាម។
ប៉ុន្តែប្រេស៊ីលបានបោះបង់ចោល ខណៈដែលកាសែត Jerusalem Post បាននិយាយថា អ៊ីស្រាអែលនឹងមិនចូលរួមនៅឆ្នាំនេះទេដោយសារតែ Covid-19 ៕
ប្រែសម្រួលៈ ណៃ តុលា