ព័ត៌មានជាតិ

គណៈកម្មាធិការ គណបក្ស​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រជុំផ្សព្វផ្សាយ «របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារ គណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ នាវិមាន ៧មករា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការ កណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការ គណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខណ្ឌចំការមន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និង ទិសដៅភារកិច្ចឆ្នាំ២០២៦»  របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាព សមាជិកគណបក្សចូលរួម ប្រមាណ ២០០រូប មកពីគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មាធិការគណបក្ស ខណ្ឌចំការមន និងគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ។

កិច្ចប្រជុំបានផ្សព្វផ្សាយសម្រាប់ជាមូលដ្ឋាន ក្តាប់ជាប់នូវសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងប្រទេស និងទិសដៅរបស់គណបក្ស ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ គណបក្សគ្រប់ថ្នាក់ ក្នុងការធានាដល់ការកសាងស្មារតី សតិអារម្មណ៍របស់សមាជិកគណបក្ស ក៏ដូចជាប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលអាចដឹកនាំប្រទេសទោះបីត្រូវប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនទាំងកត្តាខាងក្នុង និង កត្តាខាងក្រៅយ៉ាងណាក្តី រួមទាំងការបង្កសង្គ្រាមឈ្លានពានដោយយោធាថៃ​ ដែលប្រការនេះបានបង្ហាញច្បាស់ នូវការរួបរួម នៃកម្លាំងជាតិរឹងមាំក្នុងការការពារ និងកសាងមាតុភូមិ។

នាឱកាសនោះ លោក​ ហេង សួរ បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ក្រុមការងារគណបក្ស រហូតសម្រេចសមិទ្ធផលគួរជាទីមោទក ជូនប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិ ក៏ដូចជាគណបក្សផងដែរ​។​ ទន្ទឹមនឹងនេះ ត្រូវសិក្សាវាយតម្លៃរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព សម្រាប់ជាមូលដ្ឋានរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ជាពិសេស ការយកចិត្តទុកដាក់ដល់មុខសញ្ញាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ ដើម្បីផ្តល់ការគាំទ្រជួយដោះស្រាយ ការលំបាករបស់ពួកគាត់ យកចិត្តទុកដាក់លើការងារចលនានារី យុវជន កម្មករនិយោជិត និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់ទទួលបាននូវឱកាសបណ្តុះបណ្តាលជំនាញ និងឱកាសទទួលបានការងារសមរម្យ។

ជាចុងក្រោយ លោក​ ហេង សួរ ក៏បានដាស់តឿនឱ្យមន្រ្តីគណបក្សត្រូវប្រកាន់ខ្ជាប់ជំហរ “ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ” ហេីយត្រូវចងចាំពាក្យស្លោករបស់គណបក្ស គឺ “ពេលនៅឱ្យប្រជាជនស្រឡាញ់ ពេលចេញឱ្យប្រជាជនរឭក”៕

To Top