ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ ជាមួយលោក Nasr Abu Juwaid តំណាងអង្គការម្ចាស់ជំនួយ iHH នៃប្រទេសតួកគី បានចុះសួរសុខទុក្ខ និងនាំយកអំណោយសម្រាប់ខែរ៉ម៉ាឌន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៣៥០គ្រួសារ។

ពិធីនេះធ្វើឡើងនៅសាលាអន្តរជាតិ អាល់រ៉ះម៉ាស់ ស្ថិតក្នុងភូមិពោធិរោងលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមរបាយការណ៍ លោក សឹម ណាសៀត នាយកសាលាអាល់រ៉ម៉ាស់ បានបង្ហាញស្ថានភាពទូទៅនៃការរស់នៅរបស់បងប្អូនសាសនិកខ្មែរឥស្លាមក្នុងមូលដ្ឋាន ក៏ដូចជាដំណើរការអភិវឌ្ឍន៍របស់សាលាដែលសាលាអាល់រ៉ម៉ាស់ គឺបង្កើតឡើងដើម្បីជួយដល់សហគមន៍ កុមារកំព្រា និងគ្រួសារក្រីក្រក្នុងតំបន់ ធ្វើឱ្យពួកគេទទួលបានការអប់រំគ្រប់គ្នា។

ថ្លែងចំណាប់អារម្មណ៍ Nasr Abu Juwaid តំណាងអង្គការម្ចាស់ជំនួយ IHH ប្រទេសតួកគី បានបញ្ជាក់ពីគោលបំណងនៃការនាំយកអំណោយមកចែកជូននាពេលនេះ គឺដើម្បីជួយសម្រាលការលំបាក និងចូលរួមអបអរសាទរក្នុងឱកាសខែបួសរ៉ាម៉ាឌន របស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា ក៏ដូចជាការពង្រឹងចំណងសាមគ្គីភាព និងភាតរភាព។

បន្ថែមពីនេះ លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត បានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ គឺតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ឬសាសនាឡើយ ពិសេសការរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនាប្រកបដោយការយោគយល់គ្នា។

លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ IHH នៃប្រទេសតួកគី តាមរយៈលោក Nasr Abu Juwaid ដែលបាននាំយកអំណោយដ៏ថ្លៃថ្លានេះមកចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងខេត្តត្បូងឃ្មុំ ដែលនេះបង្ហាញពីកាយវិការមនុស្សធម៌ដ៏ល្អប្រពៃក្នុងខែដ៏វិសុទ្ធនេះ។

គូសបញ្ជាក់ថា៖ សម្រាប់សាសនិកខ្មែរឥស្លាម និងអ្នកគោរពសាសនាឥស្លាមទូទាំងប្រទេស ក្នុងខែនេះគឺជារដូវកាល សាសនិកទាំងអស់ធ្វើការបួស ក្នុងខែរ៉ម៉ាឌន ដើម្បីជម្រះមន្ទិល បាប និងបំពេញបុណ្យ ហើយដិយមើលឃើញពីការតស៊ូលះបង់ក្នុងការបួសនេះ iHHដែលជាអង្គការទ្រទ្រង់ដល់សាសនិកឥស្លាម បានធ្វើការប្រគល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដោយផ្ទាល់ដៃ ដើម្បីញ៉ាំងពួកគេឱ្យមានភាពធូរស្រាលក្នុងឱកាសខែដ៏បរិសុទ្ធនេះ៕


ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/
