បទវិភាគ៖ “ការទិញទំនិញដោយសប្បាយរីករាយ ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន” បានផ្តល់ឱកាសកាន់តែច្រើន សម្រាប់ឱ្យពិភពលោកយល់ដឹងពីប្រទេសចិន
ក្នុងរយៈពេលបួនថ្ងៃដំបូង នៃវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន ទំហំលក់ដូរទំនិញមិនយកពន្ធ ក្នុងពេលចាកចេញពីកោះហៃណាន បានឡើងដល់៩៧០លានយាន់ប្រាក់ចិន ដែលកើនឡើង១៥,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ សហគ្រាសបរទេសនាំគ្នា ដាក់ចេញផលិតផលថ្មីដើម្បីដណ្តើមបានទីផ្សារក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន ។ល។ ឆ្លងតាមរយៈវិស្សមកាលបុណ្យចូលឆ្នាំថ្មីឆ្នាំមមី ដែលមានរយៈពេលវែងជាងគេ សហគមន៍អន្តរជាតិបានមើលឃើញកម្លាំង រស់រវើកនៃទីផ្សារប្រើប្រាស់របស់ប្រទេសចិន ។

ឆ្នាំនេះ ជាឆ្នាំចាប់ផ្តើម សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ។ វិស្សមកាលបុណ្យចូលឆ្នាំថ្មីចិនរយៈពេល៩ថ្ងៃនេះ ជាពេលវេលាដ៏សប្បាយរីករាយរបស់ប្រជាជនសម្រាប់ទិញទំនិញចូលឆ្នាំថ្មីប្រពៃណីចិន ទៅសួរសុខទុក្ខសាច់ញាតិនិងមិត្តភក្តិ និងទៅដើរកម្សាន្តផង ហើយក៏ជាបង្អួចដ៏សំខាន់សម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅសង្កេត មើលពីការជំរុញការប្រើប្រាស់ និងលើកស្ទួយសេដ្ឋកិច្ចផងដែរ ។ នៅពេលមុនចូលឆ្នាំថ្មីចិន ក្រសួង-ស្ថាប័នចំនួន៩ ដូចជាក្រសួងពាណិជ្ជកម្មចិនជាដើមបានសហការគ្នារៀបចំសកម្មភាពពិសេសក្នុងបុណ្យចូលឆ្នាំថ្មីចិន ក្រោមប្រធានបទ “ទិញទំនិញដោយសប្បាយរីករាយក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន”ឆ្នាំ២០២៦ ដែលបានដាក់ចេញគោលនយោបាយមួយចំនួន សម្រាប់ជំរុញការប្រើប្រាស់ក្នុងវិស្សមកាល ដើម្បីបំផុសសក្តានុពល នៃតម្រូវការក្នុងស្រុក ក៏ដូចជាធ្វើឱ្យអ្នកប្រើប្រាស់ នៃតំបន់នានាទូទាំងប្រទេសចិន និងជនជាតិបរទេសសុទ្ធតែអាចទទួលអារម្មណ៍ពីភាពសប្បាយរីករាយនៃបុណ្យចូលឆ្នាំថ្មីចិន និងទទួលបានផលប្រយោជន៍ជាក់ស្តែង ។
តើលក្ខណៈពិសេសនៃសកម្មភាព “ទិញទំនិញដោយសប្បាយរីករាយក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន”នៅត្រង់ណា ? និយាយជារួម សកម្មភាពនេះបានធ្វើឡើងតាមរបៀប “៦បូក៥” ។ ក្នុងនោះ ៦ គឺមាន័យថា ផ្តោតសំខាន់លើតម្រូវការប្រើប្រាស់ក្នុងវិស្សមកាល លើ៦វិស័យ ពោលគឺ “បរិភោគអាហារឱ្យបានល្អ ស្នាកនៅឱ្យបានល្អ ធ្វើដំណើរឱ្យបានល្អ ទិញទំនិញឱ្យបានល្អ និងដើរលេងឱ្យបានល្អ” ។ ឧទាហរណ៍ដូចជា សំដៅចំពោះជនបរទេសដែលចង់ដើរលេងនៅប្រទេសចិនក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មី រដ្ឋាភិបាលមជ្ឈិមលើកទឹកចិត្ត ឱ្យតំបន់នានាដាក់ចេញផែនទីអំពីទំនៀមទំលាប់បុណ្យចូលឆ្នាំថ្មីចិនជាច្រើនភាសា ដើម្បីធ្វើឱ្យភ្ញៀវបរទេសអាចដកបទ ពិសោធពីទំនៀមទំលាប់បុណ្យចូលឆ្នាំថ្មីចិន ដូចជាពិព័រណ៌Miaohui ពិព័រណ៍ចង្កៀងគោម ហាងយីហោល្បីឈ្មោះ ទីផ្សារសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវអន្តរជាតិក្នុងការ “ឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមទំនៀមទំលាប់ចិន” ។ ព្រមពេលជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធបានធ្វើឱ្យមានសុក្រឹតភាពថែមមួយកម្រិតទៀតនូវការទូទាត់តាមរយៈកាតធនាគារ ការទូទាត់តាមរយៈឧបករណ៍ចល័ត និងការទូទាត់ដោយសាច់ប្រាក់ជាដើម ដើម្បីនាំមកនូវការដកពិសោធខាងការប្រើប្រាស់ ប្រកបដោយភាពងាយស្រួលនិងឆាប់រហ័ស ។
បើនិយាយដល់ “៥” គឺមានន័យថា វិធានការលើ៥វិស័យ ពោលគឺ ពង្រឹងគោលនយោបាយស្តីពីការយករបស់ចាស់ប្តូរយកការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី ផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់ចូលដែន និងពង្រីកការគាំទ្រខាងហិរញ្ញវត្ថុជាដើម ។ ឧទាហរណ៍ដូចជា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន ប្រទេសចិនបានទម្លាក់ថវិកាលើកដំបូងសម្រាប់ការយករបស់ចាស់ប្តូរយកការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី សរុបចំនួន៦២៥០០លានយាន់ប្រាក់ចិន ។
ទិន្នន័យធំលើវិស័យពាណិជ្ជកម្មបានបញ្ជាក់ពីនិន្នាការមួយនេះ ៖ ក្នុងរយៈពេលបួនថ្ងៃដំបូងនៃវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន ទំហំលក់ដូរក្នុងមួយថ្ងៃគិតជាមធ្យមនៃសហគ្រាសលក់រាយនិងសហគ្រាសភោជនីយដ្ឋានសំខាន់ៗរបស់ប្រទេសចិនបានកើនឡើង៨,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ ។ ក្នុងរយៈពេលបីថ្ងៃដំបូងនៃវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន លំហូរភ្ញៀវទេសចរនិងទំហំលក់ដូរនៃផ្សារទំនើបថ្មើរជើងចំនួន៧៨ដែលស្ថិតនៅក្រោមការតាមដាននិងត្រួតពិនិត្យសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មចិន បានកើនឡើង៤,៥ភាគរយ និង៤,៨ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលបីថ្ងៃដំបូង នៃវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិននៅឆ្នាំមុន ។
