រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទទួលប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយ លោក ម៉ុង ឫទ្ធី
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដឹកនាំដោយ លោកបណ្ឌិត ម៉ុង ឫទ្ធី។ កិច្ចជំនួបនាពេលនេះ ក្នុងគោលបំណងឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានាក្នុងឆ្នាំ ២០២៥និងទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំ ២០២៦។

ជាកិច្ចចាប់ផ្តើម លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់គណៈប្រតិភូព្រឹទ្ធសភា ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ។

លោក ឆាយ ឫទ្ធិសែន ក៏បានជម្រាបជូនគណៈប្រតិភូ អំពីបេសកកម្មរបស់ក្រសួង ក្នុងការអភិវឌ្ឍន៍នៅតំបន់ជនបទ តាមរយៈការអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២៥-២០៣៥ និងបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលរួមមាន៖
- ទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់
- ទី២: ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ
- ទី៣: ការអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ
- ទី៤: ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច
- ទី៥: ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រ។

តាមរយៈ ការអនុវត្តកម្មវិធីអាទិភាព ដែលបានជម្រាបជូនខាងលើ បានធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូល ក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព ដែលជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក ក្រសួងក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ ដោយក្រសួងបានរៀបចំផែនការ និងទិសដៅយ៉ាងមុតស្រួចបន្ថែមទៀតដើម្បីបន្តនិរន្តភាពនៃការអភិវឌ្ឍន៍នៅតំបន់ជនបទឱ្យទទួលបានចីរភាពផងដែរ។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក លោក ម៉ុង ឫទ្ធី ប្រធានប្រតិភូ ព្រមទាំងប្រតិភូអមដំណើរ បានសម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាននាពេលកន្លងមក។

ជាមួយគ្នានោះ លោក ម៉ុង ឫទ្ធី ក៏បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នៅតំបន់ជនបទ ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕
