ព័ត៌មានជាតិ

អភិបាលរងខេត្តកំពង់ចាម ប្រាប់មន្ត្រីមន្ទីរព័ត៌មាន ទើបចូលកាន់តំណែង ឲ្យបង្កើនគុណភាព លើប្រព័ន្ធផ្សព្វផ្សាយ

កំពង់ចាម ៖ នៅក្នុងពិធីប្រកាស ចូលកាន់តំណែងមន្ត្រីរាជការ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចំនួន ៦នាក់ នារសៀលថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០ នេះ លោក កែវ នាឬទ្ធិ អភិបាលរង ខេត្តកំពង់ចាម បានណែនាំឲ្យមន្ត្រីទើបចូល កាន់តំណែង ខិតខំបំរើការងារលើវិស័យព័ត៌មាន ផ្សព្វផ្សាយឲ្យបានឆាប់រហ័ស និងប្រកបដោយគុណភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ។

លោកអភិបាលរងខេត្ត បានថ្លែងបន្តថា មន្ត្រីដែលទើបតែងតាំង ចូលកាន់តំណែងថ្មី ត្រូវមានសាមគ្គីភាព ខិតខំបំរើការងារលើវិស័យព័ត៌មាន ពោលធ្វើយ៉ាងណា ផ្សព្វផ្សាយព័ត៌មាន ឲ្យបានជ្រោតជ្រាប ទៅដល់សាធារណៈជន ពិសេស ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់សុខសន្តិសង្គម ដែលបង្កឲ្យមានការភាន់ច្រលំ ពីសំណាក់មហាជនទូទៅ មកលើការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញគ្រប់គ្រងព័ត៌មានទូរទស្សន៍ និងវិទ្យុក្នុងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ការផ្សព្វផ្សាយអំពីអនាម័យ និងវិធីបង្ការការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី ជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ គ្រប់ៗគ្នា ។

សូមបញ្ចាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសតែងតាំងមន្ត្រីរាជការ ចំនួន ០៦រូប ទៅក្នុងរចនាសម្ព័ន្ធមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ក្នុងនោះមាន ៖ អនុប្រធានមន្ទីរចំនួន ០២រូប ប្រធានការិយាល័យចំនួន ២រូប និងអនុប្រធានការិយាល័យចំនួន ០២រូប ៕

To Top