ព័ត៌មានជាតិ

កម្ពុជា នឹងប្រារព្ធទិវាជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប.ជ។

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមានការយាងនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ តំណាងសាសនានានា នៅកម្ពុជា សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ អភិបាល អភិបាលរង រាជធានី ខេត្ត ខណ្ឌ សង្កាត់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភទ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គ ការដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងសិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យឯកជន សរុបប្រមាណ ៣.០០០ អង្គ/នាក់។

សូមបញ្ជាក់ថា គោលបំណង នៃការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនេះ គឺដើម្បីជាយុទ្ធនាការផ្សព្វផ្សាយ ដ៏ធំមួយ អំពាវនាវដល់គ្រប់ ស្ថាប័នពាក់ព័ន្ធជាតិ និង អន្តរជាតិ សូមចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងការពារប្រជា ពលរដ្ឋកម្ពុជា និងជនបរេទសគ្រប់រូប ដែលបាន និងកំពុងស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យរស់នៅប្រកបដោយ សុវត្ថិភាព ភាពរីករាយ កក់ក្តៅ និងគ្មានការបារម្ភ ពីអំពើជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (Digital Era) និងជាការបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការប្រយុទ្ធ ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋពាក់ព័ន្ធដទៃទៀត ដើម្បីព្រះរាជាណាចក្រកម្ពុជា មាន សុវត្ថិភាព ភាពរីករាយ និងអភិវឌ្ឍន៍ ក្រោមដំបូលនៃសន្តិភាព៕

To Top