ព័ត៌មានជាតិ

ព្រះមហាក្សត្រ ៖ រាជរដ្ឋាភិបាល បន្តកិច្ចប្រឹងប្រែង ដឹកនាំរៀបចំប្រតិបត្តិការ បោសសម្អាតមីន

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកិច្ចខិតខំ ប្រឹងប្រែង ក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីមានព្រះរាជបន្ទូលថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេចគ្រាប់មីន មីនគ្រប់ប្រភេទ ដែលមានស្តុកនៅក្នុងឃ្លាំង និងបានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីន ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការជូនប្រជាកសិករនៅទូទាំងប្រទេស ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកិច្ចខិតខំ ប្រឹងប្រែង ក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា ព្រមទាំងទទួលបាន លទ្ធផលល្អប្រសើរ ។ ទន្ទឹមនឹងនេះ ព្រះអង្គបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ដែលបានរួបរួមគ្នាបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមជួយអប់រំ និងផ្សព្វផ្សាយដល់ប្រជារាស្ត្រឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កឡើង ដោយគ្រាប់មីន និងទីតាំងដែលមនុស្ស និងសត្វអាចប្រឈមគ្រោះថ្នាក់ដោយសារមីន និងបានយក ចិត្តទុកដាក់ជួយជនរងគ្រោះដោយសារគ្រាប់មីន ឱ្យមានលទ្ធភាពរស់នៅសមរម្យក្នុងសង្គមជាតិ។

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរស ជនជាតិ-អន្តរជាតិនានា បន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោស សម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅព្រះរាជាណាចក្រកម្ពុជា ៕

To Top