ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹកជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជាង ៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។
ក្រសួង បន្ដថា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិក អំពីសកម្មភាពមិនស្មោះត្រង់របស់យោធា ថៃ ជាពិសេសការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនកន្លែង ហួសពី ខ្សែបន្ទាត់ព្រំដែន ដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់ជាយូរមកហើយថាជាអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួង គូសបញ្ជាក់ថា «ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន ៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៦៦.៦២៨នាក់ទៀត (ស្ត្រី ៣៥.០៩៩នាក់ និងកុមារ២១.៩៧១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
